ឯកឧត្តម លឹម គានហោ អមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម មន្រ្តីបច្ចេកទេស ចុះពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត

(ខេត្តកំពត) ÷ នៅរសៀលថ្ងៃដដែល ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មបន្តចុះពិនិត្យស្ថានភាពទឹក ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប ចុះពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
សូមបញ្ជាក់ជូនជ្រាបថា សំណង់ទំនប់បង្ហៀរខាងលើ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម សាងសាង់ជាថ្មី ទើបរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ដែលមានប្រវែង ៩៦ម៉ែត្រ ជាមួយសំណង់ទ្វារទឹក(ទ្វារ០៣) សាងសង់លើទំនប់ចាស់ដែលកសាងឡេីងក្នុងសម័យខែ្មរក្រហមរួចបានត្រូវជួសជុលកែលម្អឡេីងវិញម្តងរួចមកហើយក្នុងឆ្នាំ២០០៨ ហើយបានបន្តយាយីដោយជំនន់ទឹកភ្លៀងកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅតែត្រូវបានក្រសួងអន្តរាគមន៍ទប់ទល់បានទាន់ពេលវេលា។ ទំនប់អាងទឹកនេះជាប្រភេទអាងដែលហៅថាអាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ ១០លានម៉ែត្រគូប ដោយមានរបបជលសាស្ត្រជារបបជ្រោះ(Regime torrentiel)។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចុះពិនិត្យ សំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វនេះ គឺ ជាការចុះពិនិត្យស្ថានភាពជាក់ស្តែង និងរំលឹកអនុវស្សាវរីយ៍របស់ ខ្ញុំ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង អគ្គនាយក មន្រ្តីបច្ចេកទេស ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿង អន្តរាគមន៍ដោយគ្មានឈប់សម្រាកទល់ភ្លឺកាលពីល្ងាចថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩ ចំណាយរយ:ពេលជាង២០ម៉ោង ដើម្បីបញ្ចៀសការលិចលង់ភូមិឋានប្រជាពលរដ្ឋនាពេលនោះ ។ ពេលនេះសំណង់ទំនប់បង្ហៀរសាងសង់រួច បានផ្តល់ពហុប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងតំបន់ រួមមានប្រេីប្រាស់ទឹកបម្រេីដល់ការងារបង្កបង្កើនផល ជារមណីដ្ឋានសម្រាប់ភ្ញៀវទេសចរកំសាន្ត និងការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ៕