ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការអន្តរាគមន៍ជាបន្ទាន់ ដើម្បីបិតផ្ចិត រក្សាខ្ចប់ទឹកទុកនៅទំនប់បង្ហៀរ១មករា ( អាងស្ទឹងជីនិត) ដែលបានហូរច្រោះបាក់ដាច់ទំនប់បង្ហៀរប្រវែងប្រមាណ ៥០ ម៉ែត្រ
ខេត្តកំពង់ធំ ÷ នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តកំពង់ធំ លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តព្រៃវែង លោកអភិបាលស្រុកបារាយណ៍ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បានចុះធ្វើការអន្តរាគមន៍ជាបន្ទាន់ ដើម្បីបិតផ្ចិត
រក្សាខ្ចប់ទឹកទុកនៅទំនប់បង្ហៀរ១មករា ( អាងស្ទឹងជីនិត) ដែលបានហូរច្រោះបាក់ដាច់ទំនប់បង្ហៀរប្រវែងប្រមាណ ៥០ ម៉ែត្រ ជម្រៅប្រហែល ៤ ម៉ែត្រ ស្ថិតនៅក្នុងឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ។
សូមបញ្ជាក់ជូនថា ៖ សំណង់ខាងលេីនេះ ជាប្រភេទសំណង់ចាស់តាំងពីជំនាន់ប៉ុលពត ហេីយត្រូវបានជួសជុល និងកែលម្អសម្រាប់ប្រើប្រាស់ឡេីងវិញនៅឆ្នាំ ២០០៤ មានប្រវែង ៧៥០ ម៉ែត្រ ។ ដោយស្ថានភាពទំនប់មានសភាពចាស់ទ្រុឌទ្រោម ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើការជួសជុលម្តងរួចមកហើយកាលពីរដូវប្រាំងឆ្នាំ ២០២០ ដែលការជួសជុលនេះ គឺផ្នែកតួទំនប់បង្ហៀរមួយកំណាត់ដើម្បីប្រើប្រាស់បណ្តោះអាសន្នជាបណ្តើរៗតែប៉ុណ្ណោះ ដោយរងចាំការធ្វើទំនើបកម្មលេីប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ដែលកំពុងស្ថិតនៅក្នុងតំណាក់កាលដេញថ្លៃ និងឈានទៅអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមហិរញ្ញប្បទានពី IAIP-ADB ។ ការហូរច្រោះបាក់ដាច់ទំនប់នេះ ពុំរងផលប៉ះពាល់ដល់ផ្ទះសម្បែង អាយុជីវិតប្រជាពលរដ្ឋនិងសត្វពាហនៈទេ , តែបានបណ្តាលឲ្យទឹកស្រកនៅសល់កម្ពស់ធម្មតាស្មើមាត់ស្ទឹង ។
ជាវិធានការចំពោះមុខ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់បញ្ជាឲ្យធ្វើប្រតិបត្តិការអន្តរាគមន៍ជាបន្ទាន់ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ជាច្រើនគ្រឿង និងពេលវេលាយ៉ាងយូរ០៣ថ្ងៃ ដើម្បីជួសជុលបិតផ្ជិតតួរទំនប់ឡើងវិញ រក្សាខ្ចប់វិចទឹកទុកក្នុងអាងស្ទឹងជីនិត (ជាអាងទឹកទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងព្រៃឡង់ នៅផ្នែកខ្លះនៃខេត្តក្រចេះ ព្រះវិហារ និងខេត្តកំពង់ធំ ) ឲ្យបានដូចដើមវិញក្នុងបរិមាណ ៤០លានម៉ែត្រគូប ៕

























