ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំមាតិកាពិស្តារនៃគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

នៅថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំមាតិកាពិស្តារនៃគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
កិច្ចប្រជុំអន្តរក្រសួងដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់តាំងពីថ្ងៃទី១០ ខែ មករា ឆ្នាំ ២០២៣ មានគោលដៅប្រមូលធាតុចូល និងព័ត៌មានសំខាន់ៗពីក្រសួងស្ថាប័នពាក់ព័ន្ធចំណុះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធ្វើការកែលម្អ និងពង្រីកយុទ្ធសាស្រ្តទៅថ្ងៃអនាគតឲ្យកាន់តែមានភាពល្អឥតខ្ចោះ និងឆ្លើយតបទៅនឹងបរិបទរីកចម្រើននៃសង្គមជាតិ និងការវិវត្តនៃពិភពលោក។
យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ ២០២៣-២០២៨ មានបញ្ចកោណសរុបចំនួន៥ រួមមាន ៖
បញ្ចកោណទី១៖ ការអភិវឌ្ឍធនធានមនុស្ស
បញ្ចកោណទី២៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ច
បញ្ចកោណទី៣៖ ការអភិវឌ្ឍវិស័យឯកជន និងការងារ
បញ្ចកោណទី៤៖ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន
បញ្ចកោណទី៥៖ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល
ជាខ្លឹមសារសំខាន់ក្នុងមុំចំនួន ៣គឺ មុំទី២-ការគ្រប់គ្រងធនធានធម្មជាតិ វប្បធម៌ និងទេសចរណ៍ មុំទី៣-ការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ និងមុំទី៥-ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបការប្រែប្រួលអាកាសធាតុ នៃបញ្ចកោណទី៤ គឺមានភាពជាប់ព័ន្ធផ្ទាល់ជាមួយវិស័យទឹក និងការគ្រប់គ្រងធនធានទឹកដោយចីរភាព៕