ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាប្រធាន អនុក្រុមការងារ បានដឹកនាំកិច្ចប្រជុំអនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត (Sub-TWG on Irrigation Scheme Management) ដើម្បីធ្វើការត្រួតពិនិត្យ ពិភាក្សាលម្អិត និងបញ្ចប់ឯកសារគោលការណ៍ណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិករប្រើប្រាស់ទឹក
នៅរសៀលថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាប្រធាន អនុក្រុមការងារ និងឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងជាអនុប្រធាន អនុក្រុមការងារ បានដឹកនាំកិច្ចប្រជុំអនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត (Sub-TWG on Irrigation Scheme Management) ដើម្បីធ្វើការត្រួតពិនិត្យ ពិភាក្សាលម្អិត និងបញ្ចប់ឯកសារគោលការណ៍ណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិករប្រើប្រាស់ទឹក។
បទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិករប្រើប្រាស់ទឹកគឺជាគោលគំនិតរៀបចំឡើងក្នុងន័យជំនួយស្មារតី និងជាឯកសារគោលនយោបាយមួយចាំបាច់ដើម្បីគាំទ្រដល់ការរៀបចំ និងការប្រព្រឹត្តទៅរបស់សហគមន៍កសិករប្រើប្រាស់ទឹកនៅតាមសហគមន៍ និងធ្វើឲ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តទទួលបានជោគជ័យ និងមាននិរន្តរភាព។
ជាងនេះទៀតសោត បទបញ្ជាផ្ទៃក្នុងខាងលើនេះ គឺជាវិធានរបស់សហគមន៍កសិករប្រើប្រាស់ទឹក ដែលរួមមាន៖ ផែនការបែងចែក និង ចែកចាយទឹក របៀបក្នុងការថែទាំ និងផ្តល់អាទិភាពទៅលើការងារជួសជុល នីតិវិធីក្នុងការដោះស្រាយវិវាទ វិធានការដាក់ទណ្ឌកម្ម ព្រមទាំងពិធីសារសម្រាប់ទំនាក់ទំនង ផ្ទៃក្នុង និងខាងក្រៅ ។ល។
ដើម្បីឲ្យកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ទទួលបានជោគជ័យក្នុងជំហានទី១ និងឈានទៅអនុវត្តជំហានទី២ បន្តទៀត ការរៀបចំឯកសារគតិយុត្ត និងឯកសារគោលនយោបាយសំខាន់ៗពាក់ព័ន្ធទឹកមួយចំនួនត្រូវតែបង្កើតឡើងដើម្បីឲ្យថ្នាក់ក្រោមជាតិអាចយកទៅអនុវត្តក្នុងការពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹកទទួលបានលទ្ធផល និងជោគជ័យខ្ពស់ ឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលអាកាសធាតុសកល ៕