ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកដឹកនាំកម្មវិធី WAT4CAM ទទួលហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ជាសហប្រធាន បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការសិក្សាគម្រោងស្វាយចេក និងការគ្រប់គ្រងស្ទឹងស្វាយចេក
ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកដឹកនាំកម្មវិធី WAT4CAM ទទួលហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ជាសហប្រធាន ជាមួយឯកឧត្តម គ្លោក ខូយ អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការសិក្សាគម្រោងស្វាយចេក និងការគ្រប់គ្រងស្ទឹងស្វាយចេក ដោយមានចូលរួមពីតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) មន្ទីរធនធានទឹក និងឧតុនិយមតំណាង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរបរិស្ថាន និងអាជ្ញធរដែនដីមាន (ឃុំសង្កាត់ ស្រុកស្វាយចេក)
គោលបំណងនៃការសិក្សាពិគ្រោះយោបល់គម្រោងស្វាយចេក មានបីចំណុចសំខាន់៖
– សមាសធាតុទី ១៖ ការស្ដារ និងការគ្រប់គ្រងអាងទន្លេស្វាយចេក ដោយគិតគូរពីសម្ពាធមនុស្ស និងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) និងដំណោះស្រាយផ្អែកលើធម្មជាតិ (NbS)។
- សមាសធាតុទី ២៖ ការកែលម្អទាំងនេះអាចរួមបញ្ចូល (i) ការសាងសង់ការទទួលទឹកដើម្បីផ្គត់ផ្គង់អាងស្តុកទឹកដែលមានស្រាប់ និងការសាងសង់/ការស្តារឡើងវិញនូវបណ្តាញទឹកក្នុងស្រុកនៅតំបន់ជនបទ និង (ii) ការសាងសង់ការប្រើប្រាស់ទឹកកសិកម្មក្នុងគោលបំណងអភិវឌ្ឍតំបន់ធារាសាស្រ្តនាពេលអនាគត។
- សមាសធាតុទី ៣៖ ការបង្កើតគណៈកម្មាធិការអាងទន្លេដែលរួមបញ្ចូលសម្រាប់ការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរឡើង ដែលនាំទៅដល់ការកាត់បន្ថយវិសមភាពក្នុងការប្រើប្រាស់ និងរវាងការប្រើប្រាស់ និងដល់ការធ្វើផែនការធ្វើឱ្យប្រសើរឡើងនៃការអភិវឌ្ឍន៍អាងស្ទឹងស្វាយចេកនាពេលអនាគត ៕