ផាង វី ចុះជួយអន្តរាគមន៍បូមទឹកជូនបងប្អូនប្រជាកសិករ នៅខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង

ខេត្តកណ្តាល​-ខេត្តកំពង់ឆ្នាំង ÷​ ថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣​ លោក​ ផាង វី​ អនុប្រធាននាយកដ្ឋាន​ និងក្រុមការងារ​ តំណាង លោក ថាំង​ វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម​ បានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងចំនួន​ ០២ខេត្ត​ គឺខេត្តកណ្តាល​ និងកំពង់ឆ្នាំង​ រួមមា​នសកម្មភាពដូចខាងក្រោម៖
នាពេលព្រឹក​ ក្រុមការងារក្រសួង​ បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំកោះចិន​ និងឃុំកំពង់អុស​ ស្ថិតក្នុងស្រុកពញាឮ​ ខេត្តកណ្តាល​ ចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរួមទាំងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករក្នុងតំបន់ខាងលេីនេះ ដោយបានដាក់ឲ្យដំណើរការម៉ាស៊ីនបូមទឹកចល័តកម្លាំង​ ៦៥សេះ ចំនួន០៧គ្រឿង​ ក្នុងភូមិព្រែកក្តាម២​ ឃុំកោះចិន​ សម្រាប់ស្រោចស្រពផ្ទៃដីប្រមាណ​ ៩៨៦ហិកតា​​ និងចំនួន​ ០៣គ្រឿងផ្សេងទៀត​ ក្នុងភូមិដងគោម​ ឃុំកំពង់អុស​ សម្រាប់ស្រោចស្រពផ្ទៃដីប្រមាណ​ ២៥០ហិកតា​។
នារសៀលថ្ងៃដដែល​ ក្រុមការងារក្រសួង​ ក៏បានបន្តដំណេីរ​ និងជួបសហការជាមួយមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ដេីម្បីចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងក្នុង​ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ ដោយគិតចាប់ពីថ្ងៃចុះអន្តរាគមន៍បូមទឹក​ ដល់​ថ្ងៃនេះ​នាយកដ្ឋានធារាសាស្ត្រកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង​ បានដាក់ឲ្យដំណើរការម៉ាស៊ីនបូមទឹកចល័តកម្លាំង​ ៦៥សេះ ទាំងអស់បានចំនួន ១៧គ្រឿង ក្នុងការចុះជួយអន្តរាគមន៍បូមទឹកជូនបងប្អូនប្រជាកសិករ​ ចំនួន០៩ទីតាំង ក្នុងស្រុកចំនួន០៣ រួមមាន ៖ស្រុកកំពង់ត្រឡាច ស្រុកជលគិរី និងស្រុកកំពង់លែង ។
ក្នុងការចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ក៏ដូចជាដំណាំរួមផ្សំនានា​របស់បងប្អូនប្រជាកសិករយើងក្នុងតំបន់នេះ ឃើញថាការផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ និងទាន់ពេលវេលាទៅតាមតម្រូវការ​ដាំដុះជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពចាប់តាំងពីការដាក់ដាំ និងរហូតដល់ការប្រមូលទិន្នផល​ ហើយក៏សង្ឃឹមថា ឆ្នាំនេះនឹងទទួលបានទិន្នផលច្រើនគាប់ប្រសើរ ដូចជារៀងរាល់ឆ្នាំផងដែរ។
សូមជម្រាបជូនថា​ ៖ ការចុះការងារអន្តរាគមន៍បូមទឹកទាំងអស់ខាងលេីនេះ​ ក្រុមការងារបានពិនិត្យជាក់ស្តែង និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ដោយពួកគាត់គ្រប់ៗគ្នា​ បានបញ្ចេញមតិ​ និងអារម្មណ៍សប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណជាអនេកដល់ក្រសួងធនធានទឹក និងឧតុនិយម​ ជាពិសេសឯកឧត្តមរដ្ឋមន្ត្រី​ ដែលតែងតែយកចិត្តទុកដាក់ជួយបំពេញនូវការចាំបាច់របស់ពួកគាត់តាំងពីដើមរហូតមក។​ បន្ថែមពីលេីនេះ​ ក្រុមការងារ​ ក៏បានផ្តាំផ្ញើដល់មន្ត្រីបច្ចេកទេសស្ថិតនៅទីតាំងនេះបន្តជួយយកចិត្តទុកដាក់ក្នុងការថែទាំម៉ាស៊ីនបូមទឹកឲ្យបា​នល្អ​ និងត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស​ ដើម្បីអាចធានាបានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់និងប្រកបដោយនិរន្តរភាពផងដែរ ៕