ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ស្តីពីមូលនិធិអភិវឌ្ឍន៍វិស័យទឹក ជាមួយនឹងតំណាងរដ្ឋាភិបាលប្រទេសអូស្រ្តាលី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និងវិស័យឯកជនជាតិ
នៅថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ស្តីពីមូលនិធិអភិវឌ្ឍន៍វិស័យទឹក ជាមួយនឹងតំណាងរដ្ឋាភិបាលប្រទេសអូស្រ្តាលី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និងវិស័យឯកជនជាតិ អន្តរជាតិជាច្រើនស្ថាប័ន នាសណ្ឋាគារហ៊ីម៉ាវ៉ារី ។ មូលនិធិខាងលើនេះ រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានធ្វើការវិនិយោគចំនួន ២៤០ លានដុល្លារ ។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការដឹកនាំដោយផ្ទាល់ក្នុងការសហការយ៉ាងពេញទំហឹងជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឃន៍នានារបស់ពិភពលោក ក្នុងការអនុវត្តផែនការវិនិយោគរយៈពេលវែងសម្រាប់គ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ក្នុងបញ្ជាទឹក និងប្រើប្រាស់ទឹកប្រកបដោយសន្តិសុខ សុវត្ថិភាពលើគ្រប់វិស័យក្នុងក្របខណ្ឌទូទាំងប្រទេស ។ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននឹងកំពុងធ្វើការបន្តអនុវត្តលើគ្រប់ទម្រង់គោលនយោបាយរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិទី ១ រហូតមកដល់អាណត្តិទី ៦ នេះ ហើយក៏កំពុងបន្តធ្វើការអនុវត្តលើគោលនយោបាយថ្មីៗក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលផងដែរ ជាពិសេស ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានចាត់ចែងដោយម៉ត់ចត់បំផុតក្នុងគ្រប់កាលានុវត្តភាព និងសក្តានុពលលើវិធានការ និងយុទ្ធសាស្រ្តក្នុងការទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ និងការឡើងកំដៅខ្លាំងនៃភពផែនដីដោយសារបាតុភូតធម្មជាតិ El Nino ៕

























