ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូ ចុះធ្វើការត្រួតពិនិត្យលើអនុគម្រោងប្រព័ន្ធធារាសាស្រ្តខ្នាតធំក្រាំងពន្លៃ ស្ថិតក្នុងភូមិសាស្រ្តអាងទឹកអន្លង់ជ្រៃ និងអាងទឹកប្រាំបីមុំ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ស្ថិតក្នុងឃុំអមលាំង និងក្រពើទ្រម ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
នៅថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូដែលអញ្ជើញមកពីធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB មកពីមូលនិធិអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៏វិស័យកសិកម្ម IFAD មកពីមូលនិធិបៃតង GCF និងអញ្ជើញមកពីអង្គការសហប្រជាជាតិ UN-FAO ចុះធ្វើការត្រួតពិនិត្យលើអនុគម្រោងប្រព័ន្ធធារាសាស្រ្តខ្នាតធំក្រាំងពន្លៃ ស្ថិតក្នុងភូមិសាស្រ្តអាងទឹកអន្លង់ជ្រៃ និងអាងទឹកប្រាំបីមុំ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ស្ថិតក្នុងឃុំអមលាំង និងក្រពើទ្រម ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលទាំងអស់នេះ សុទ្ធតែជាអនុគម្រោងរបស់គម្រោង CAISAR នៃដៃគូអភិវឌ្ឍន៍ AIIB ដែលមានសហហិរញ្ញប្បទានពីម្ចាស់ជំនួយ IFAD ពីម្ជាស់ជំនួយ GCFនិង UN-FAO ។
ក្រោយពេលធ្វើទំនើបកម្មវិស្វកម្មលើគម្រោងប្រព័ន្ធធារាសាស្រ្តក្រាំងពន្លៃរួច ប្រព័ន្ធនេះ មានសក្តានុពលដ៏ធំក្នុងការធានានូវសន្តិសុខទឹកលេីគ្រប់វិស័យទាំងអស់ សម្រាប់ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងបម្រើឲ្យតម្រូវការដ៏ធំជាអតិបរមាសម្រាប់រាជធានីភ្នំពេញ ហើយម៉្យាងទៀត សារប្រយោជន៍ជាសារវ័ន្តរបស់ប្រព័ន្ធនេះ គឺមានមុខងារដ៏សំខាន់ក្នុងការរំដោះទឹកជំនន់ បញ្ជៀសនូវការជន់លិចផ្លូវជាតិលេខ ៥ ទំលាក់ចូលទៅក្នុងបឹងទន្លេសាប បានលឿនទាន់សភាពការ បង្កើតឲ្យមានតំបន់បរិស្ថានបៃតងជាប្រចាំតាមទិសដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងតំបន់វិហារលួង តំបន់កំពង់លួង និងតំបន់លង្វែក បង្កើនឲ្យបានច្រេីននូវវិស័យអេកូទេសចរ ដេីម្បីបំពេញបន្ថែមឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ។
ក្រោយថ្ងៃរំដោះ ៧ មករា តំបន់អមលាំង តំបន់ថ្ពង តំបន់ប្រាំបីមុំ តំបន់ក្រពើទ្រម តំបន់អន្លង់ជ្រៃ និងតំបន់ជំរាលផ្ទៃរងទឹកភ្លៀងរបស់អាងទឹកក្រាំងពន្លៃទាំងមូល ស្ថិតក្នុងភូមិសាស្រ្តប្រទាញប្រទុងគ្នាសង្គ្រាមជាមួយនឹងពួកអតីតឧទាមខ្មែរម្ខាងទៀតនាសម័យនោះ ។ ក្រោយមក ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានខិតខំជាអតិបរមាដឹកនាំបញ្ជាផ្ទាល់ និងដោយមានការឧបត្តម្ភគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប្រមែប្រមូលដៃគូអភិវឌ្ឍន៏ក្នុងពិភពលោកទាំងមូលមកធ្វើការសាងសង់ និងអភិវឌ្ឍន៏អាងទឹកក្រាំងពន្លៃនេះ បានជាបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ន ៕