ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី២ រយៈពេល ៥ឆ្នាំ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង បន្តការអនុវត្តនយោបាយទឹក តាមរយៈ ការគ្រប់គ្រងធនធានទឹក ឲ្យបានល្អដោយជំរុញការថែរក្សា ការស្តារ និងស្ថាបនាប្រព័ន្ធធារាសាស្រ្ត ខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ ។ ដើម្បីសម្រេចទិសដៅនេះ ចាំបាច់ត្រូវលើកកម្ពស់អគ្គនាយកដ្ឋានធារាសាស្ត្រ ឧតុនិយម និងជលសាស្រ្ត ឲ្យទៅជាក្រសួងធនធានទឹក និងឧតុនិយម កែលំអរចនាសម្ព័ន្ធ និងបំពាក់មធ្យោបាយឲ្យផ្នែកនេះ ដើម្បីធានាប្រសិទ្ធិភាពដល់ការដោះស្រាយទឹកបម្រើដល់ការអភិវឌ្ឍ ។ ជាទិសដៅ ក្នុងរយៈពេល ៥ឆ្នាំ ត្រូវខិតខំពង្រីកប្រព័ន្ធស្រោចស្រពឲ្យបានប្រមាណ ១៦,៦២% ទៅ ២០% គឺមួយឆ្នាំៗកំណើនប្រមាណពី ៣,៣២% ទៅ ៤% លើផ្ទៃដីបង្កបង្កើនផលស្រូវ ពោលគឺកំណើនលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវប្រមាណ ៣៧៤.៦០៣ ហិកតា ក្នុងរយៈពេល ៥ឆ្នាំ ។
ដោយហេតុខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានចាប់ បដិសន្ធិឡើងក្នុងអណត្តិទី២ នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ១៩៩៩ ដែលមានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងធនធានទឹក និងឧតុនិយម មានមុខងារ និងភារកិច្ចដូចតទៅ៖
– កំណត់គោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍធនធានទឹក បម្រើដល់ ការធ្វើអាជីវកម្ម ការអភិវឌ្ឍ និងការថែរក្សាការពារ ប្រកបដោយនិរន្តរភាព ជាលក្ខណៈជាតិ និងអន្តរជាតិ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។
– សិក្សាស្រាវជ្រាវនូវសក្តានុពលទឹក រួមទាំងលើដី ទឹកក្រោមដី និងលើអាកាស ក្នុងក្របខ័ណ្ឌជាតិ ដើម្បីបង្កើតឡើងនូវមូលដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រច្បាស់លាស់
– លើកទិសដៅ ផែនការរយៈពេលខ្លី មធ្យម និងវែង ក្នុងការធ្វើអាជីវកម្ម ការអភិវឌ្ឍ និងការថែរក្សាការពារ នូវធនធានទឹក និងឧតុនិយម ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងនៅទីក្រុង ទាំងនៅជនបទ ។
– គ្រប់គ្រងត្រួតពិនិត្យនូវរាល់ការធ្វើអាជីវកម្មលើធនធានទឹកដោយផ្ទាល់ និងប្រយោលប្រកបដោយប្រសិទ្ធិភាព និងកាត់បន្ថយឲ្យបានជាអតិបរមា នូវគ្រោះមហន្តរាយដែលអាចកើតឡើង ។
– រៀបចំតាក់តែងច្បាប់លិខិតបទដ្ឋាន និងបទប្បញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងធនធានទឹក ព្រមទាំងតាមដានលើការអនុវត្ត ។
-ប្រមូលចងក្រងឯកសារ និងធ្វើអាជីវកម្ម នូវទិន្នន័យឧតុនិយម និងជលសាស្រ្តបម្រើដល់វិស័យនានា ដែលមានការពាក់ព័ន្ធជាលក្ខណៈជាតិ និងអន្តរជាតិ ដើម្បីផលប្រយោជន៍សង្គមជាតិទាំងមូល ។
– ផ្តល់ការគាំទ្រ និងការណែនាំបច្ចេកទេសជាចាំបាច់ដល់ឯកជន អង្គការវិជ្ជាជីវៈ សហគមន័ និងប្រជាពលរដ្ឋ ជាទូទៅដែលមានការពាក់ព័ន្ធ ដើម្បីកែលំអរ និងធ្វើអាជីវកម្មធនធានទឹកឲ្យបានសមស្រប ។
– ពង្រីក និងបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីមានវិធានការបណ្តុះបណ្តាលកែលំអរ និងផ្សព្វផ្សាយ ។
– ចូលរួមអនុវត្តការងារពាក់ព័ន្ធនឹងអាងទន្លេមេគង្គ ស្របតាមភារកិច្ចរបស់ក្រសួង
– ពង្រីង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងការងារសហប្រតិបត្តិការអន្តរជាតិ លើវិស័យធនធានទឹក និងឧតុនិយម ។