ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយមចូលរួមគោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលទទួលមរណភាពដោយរោគាពាធ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលបានទទួលមរណភាពកាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងធនធានទឹក និងឧតុនិយមសូមសម្ដែងនូវសមានទុក្ខពោរពេញដោយទឹកចិត្តក្តុកក្តួល សោកសៅ និងស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ដោយបានចាត់ទុកការបាត់បង់នេះជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌ ហើយជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបនៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំតស៊ូគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈដ៏មោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានចូលរួមលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទលើឆាកអន្តរជាតិ តាមរយៈការសម្របសម្រួល និងការដឹកនាំបេសកកម្មថែរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ក្រោមឆ័ត្រអង្គការសហប្រជាតិនៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមជួយទ្រទ្រង់ដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕