ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារក្រសួងចូលរួមកិច្ចប្រជុំចរចាគម្រោងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រាជធានីភ្នំពេញ៖ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារក្រសួងចូលរួមប្រជុំកិច្ចចរចាលើគម្រោងខ្នាតធំចំនួនពីរ ក្រោមអធិបតីភាពរបស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយក លោក លោកស្រីជាអគ្គនាយករង ប្រធាន អនុប្រធាននាយដ្ឋាន ប្រធាន អនុប្រធានការិយាល័យនៃគ្រប់អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីសំណាក់លោកជំទាវ Jyotsana Varma តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា មន្រ្តីតំណាងជាន់ខ្ពស់និងអ្នកច្បាប់របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តំណាងជាន់ខ្ពស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងតំណាងក្រសួងធនធានទឹក និងឧតុនិយមជាច្រើនរូបផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គម្រោងខ្នាតធំចំនួន២ ដែលជារបៀបវារៈសំខាន់នៃកិច្ចប្រជុំនោះរួមមាន៖ ទី១)គម្រោងកែលម្អវិស័យធារាសាស្រ្ត(IAIP-AF) និងទី២)គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ(IWRM)។
ជាលទ្ធផល ឯករដ្ឋលេខាធិការបានឱ្យដឹងថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងយោងតាមបទពិសោធន៍ដ៏ស្ទាត់ជំនាញ ការចរចាគម្រោងបានប្រព្រឹត្តទៅដោយរលូន និងសម្រេចបានជោគជ័យ ហើយគម្រោងទាំងនេះនឹងត្រូវបើកកិច្ចប្រតិបត្តិការអនុវត្តន៍ក្នុងពេលដ៏ខ្លីខាងមុខនេះនៅក្នុងបណ្តាខេត្តដូចជា ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង៕