ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូដែលរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប អញ្ជើញចូលរួមក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យ ដែលបានដុតបំភ្លឺរយៈពេលបីថ្ងៃនៅវិមានឯករាជ្យ ក្នុងឱកាសខួបទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ យ៉ាងអធិកអធមនៅវិមានឯករាជ្យ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្រ្ត នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា និងដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ទាមទារឯករាជ្យពីអាណានិគមបារាំង៕