នារសៀលថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំទន្លេបាសាក់២ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី«កិច្ចការរដ្ឋបាល ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាល» ដោយមានការចូលរួមពីប្រធាន អនុប្រធាន និងមន្ត្រីនៃនាយកដ្ឋាន ការិយាល័យក្រោមឱវាទក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមជាច្រើនរូប។
ថ្លែងក្នុងឱកាសបិទវគ្គបណ្ដុះបណ្តាល ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍ណែនាំដល់សិក្ខាកាមចូលរួមទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រើប្រាស់នូវចំណេះដឹងផ្នែករដ្ឋបាល សម្រាប់ជាមូលដ្ឋានក្នុងការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពមន្រ្តីនៅតាមនាយកដ្ឋានឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តមអគ្គនាយក បានបញ្ជាក់បន្ថែមថា វគ្គបណ្ដុះបណ្តាលនេះផ្ដល់នូវចំណេះដឹង និងបំពេញបន្ថែមនូវចំណុចខ្វះខាតដល់មន្ត្រីនៅតាមបណ្ដានាយកដ្ឋានក្រោមឱវាទក្រសួង និងមន្ទីរលើកិច្ចការរដ្ឋបាល ដូចជា៖ ១)ការធ្វើលិខិតបទដ្ឋានគតិយុត្តិនិងកិច្ចការរដ្ឋបាលទូទៅ និងការធ្វើកំណែទម្រង់លិខិតរដ្ឋបាលមួយចំនួន ២)ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ ៣)ការបង្កើនសមត្ថភាពយល់ដឹងក្នុងនាមជាថ្នាក់ដឹកនាំ និង ៤)ការពង្រឹងសមត្ថភាពអង្គភាព៕