នៅថ្ងៃពុធ-អាទិត្យ ១៣កើត-២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣-៧ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបំពេញទស្សនកិច្ចផ្លាស់ប្តូរបច្ចេកទេសលើការគ្រប់គ្រងធនធានទឹកចម្រុះ(IWRM) ក្នុងក្របខណ្ឌការគ្រប់គ្រងអាងទន្លេ រយៈពេល ៥ថ្ងៃ នៅសាធារណរដ្ឋបារាំង។
សូមជម្រាបថា ទស្សនកិច្ចនេះបានរៀបចំឡើងដោយការិយាល័យទឹកអន្តរជាតិ(OiEau) គាំទ្រដោយទីភ្នាក់ងារបារាំង Loire-Bretagne និង Rhin-Meuse ក្នុងគោលបំណងគឺដើម្បីពង្រឹងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងកិច្ចសហប្រតិបត្តិលើការគ្រប់គ្រងធនធានទឹកចម្រុះ(IWRM) ក្នុងក្របខណ្ឌការគ្រប់គ្រងអាងទន្លេនៅកម្រិតផ្សេងៗគ្នា រួមមាន៖ កម្រិតមូលដ្ឋាន កម្រិតអាង និងកម្រិតថ្នាក់ជាតិ ដែលផ្តោតលើប្រធានបទសំខាន់ៗទាក់ទងនឹងវឌ្ឍនភាពថ្មីៗ ដូចជា៖ ការគ្រប់គ្រងទឹក ប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងព័ត៌មាន ការការពារទឹកជំនន់ ការស្តារប្រព័ន្ធអេកូឡូស៊ី ដំណោះស្រាយតាមបែបធម្មជាតិ និងលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ។
ក្នុងឱកាសនោះដែរ គណៈប្រតិភូបានបំពេញទស្សនកិច្ចទៅទីតាំងជាច្រើន រួមមាន៖ ទី១)ទីស្នាក់ការកណ្តាលទីភ្នាក់ងារបារាំង Loire-Bretagne និង Rhin-Meuse ដើម្បីប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់គ្នា និងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា(MOU) លើកិច្ចសហប្រតិបត្តិការគ្រប់គ្រងអាងទន្លេ ទី២)ទីស្នាក់ការកណ្តាលអាជ្ញាធរដែនដីសាធារណៈនៃអាងទន្លេ Madon (EPTB) ដើម្បីស្វែងយល់ពីការស្តារឡើងវិញនៃអាងទន្លេ និងការកាត់បន្ថយទឹកជំនន់ ទី៣)ទីស្នាក់ការកណ្តាលអាជ្ញាធរទឹក និងអនាម័យ SDEA ដើម្បីស្វែងយល់ពីការផ្តល់សេវាកម្ម និងការគ្រប់គ្រងទឹក៕