នាថ្ងៃសុក្រ-សៅរ៍ ១៥កើត-១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ជឹម កុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អសន្ដិសុខទឹកកម្ពុជា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសម្រាប់សមាសភាគទី៣ បានអញ្ជើញដឹកនាំក្រុមការងារគម្រោងជាមួយក្រុមបេសកកម្មគាំទ្រលើការអនុវត្តគម្រោងលើកទី២ របស់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ធ្វើទស្សនកិច្ចនៅប្រព័ន្ធធារាសាស្ត្រស្វាយជ្រុំនិងកន្ទួត ស្ថិតក្នុងខេត្តក្រចេះ និងប្រព័ន្ធធារាសាស្ត្រស្រែហ៊ុយ ស្ថិតក្នុងខេត្តមណ្ឌលគិរី។
សូមជម្រាបថា ដំណើរចុះបេសកកម្មនាពេលនេះ មានការអញ្ជើញចូលរួមពីក្រុមការងារគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងាររបស់ធនាគារពិភពលោក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។
លោកអគ្គនាយករង បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃដំណើរចុះបេសកកម្មនេះ គឺដើម្បីសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក និងចំណាប់អារម្មណ៍របស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់នៃអនុគម្រោងផងដែរ។ ជាមួយគ្នានេះដែរ គណៈប្រតិភូក៏បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយអាជ្ញាធរស្រុក ឃុំ ភូមិពាក់ព័ន្ធ សហគមន៍កសិកម្មពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលផលពីប្រព័ន្ធធារាសាស្ត្រនេះ ដើម្បីទទួលបាននូវធាតុចូលបន្ថែមក្នុងការសិក្សាគម្រោងឱ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា គម្រោងកែលម្អសន្តិសុខទឹកកម្ពុជាត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។ គម្រោងនេះនឹងធ្វើឱ្យសន្តិសុខទឹកនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម ប្រភពទឹកសម្រាប់ផលិតទឹកស្អាត និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕