នាព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្មប្រកបដោយភាពធន់(CAISAR) ក្រោមសហហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) និងមូលនិធិអាកាសធាតុបៃតង(GCF) នៅសាលប្រជុំនៃសណ្ឋាគារឡឺរូយ៉ាល់។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា គម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់ ជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងភាពធន់នឹងអាកាសធាតុ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់នូវអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គោលបំណងចម្បងនៃគម្រោងគឺដើម្បីបង្កើនការបន្ស៊ាំទៅនឹងអាកាសធាតុ បន្ធូរបន្ថយផលប៉ះពាល់អវិជ្ជមាននៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងកែលម្អជីវភាពរស់នៅរបស់សហគមន៍ដែលងាយរងគ្រោះ។
សូមបញ្ជាក់ថា គម្រោងគម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់ ដែលមានរយៈ៧ឆ្នាំ(២០២៥-២០៣០) នឹងត្រូវអនុវត្តនៅក្នុងខេត្តចំនួនបួនគឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ព្រមទាំងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនជនបទប្រមាណ ៥៦២០០០នាក់ តាមរយៈការវិនិយោគលើការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រសំខាន់ៗសរុបចំនួនប្រាំមួយ។ គម្រោងនេះផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ពហុវិស័យ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រាក់ចំណូលនៅតាមជនបទនិងកសិកម្មប្រកបដោយនិរន្តរភាព ការត្រៀមខ្លួនឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងភាពធន់របស់សហគមន៍ប្រកបដោយបរិយាបន្ន៕