នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម (គល) ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពសម្រាប់ការងារជំពូក២១ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ។
សកម្មភាពចុះពិនិត្យ និងវាយតម្លៃនាពេលនេះ លើគម្រោងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១) ការងារស្តារប្រឡាយតាហោ និងសាងសង់សំណង់សិល្បការ្យ (ជំហានទី២) សម្រេចបាន ១០០% ទី២) ការងារស្ដារឡើងវិញប្រឡាយតាហោ និងសាងសង់សំណង់សិល្បការ្យ ក្រោយបញ្ចប់រយៈពេលធានាគុណភាព ១២ខែ ទី៣) ការងារជួសជុលទំនប់អាងទឹកពាម និងសាងសង់សំណង់សិល្បការ្យ (ជំហានទី២) ក្រោយបញ្ចប់រយៈពេលធានាគុណភាព ១២ខែ និងទី៤) ការងារជួសជុលទំនប់អាងទឹកទំនប់ថ្មី និងសាងសង់សំណង់សិល្បការ្យ (ជំហានទី៣) ក្រោយបញ្ចប់រយៈពេលធានាគុណភាព ១២ខែ។
ក្នុងឱកាសនោះ ក្រុមការងារអន្តរក្រសួងបានវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានវិស្វកម្ម ដែលបានអនុវត្តការងារបានទាន់ពេលវេលា មានគុណភាព និងត្រឹមត្រូវតាមបច្ចេកទេស។ សមិទ្ធផលទាំងនេះ នឹងជួយធានាប្រភពទឹកសម្រាប់ការងារបង្កបង្កើនផលកសិកម្ម ការប្រើប្រាស់ប្រចាំថ្ងៃ និងរួមចំណែកលើកកម្ពស់ជីវភាពសេដ្ឋកិច្ច-សង្គមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕