នៅរសៀលថ្ងៃព្រហស្បត៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ បានដឹកនាំប្រតិភូអន្តរក្រសួង អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម YASUI TAKEHIRO អគ្គនាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅទីស្នាក់ការកណ្តាល JICA នាទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅក្នុងឱកាសនោះ ឯកឧត្តម ពេជ្រ វាសនា បានពាំនាំនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ជូនចំពោះ JICA ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ ជាពិសេស ការគាំទ្រលើការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹក តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) រួមមានការបញ្ជូនទីប្រឹក្សាបច្ចេកទេស ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងគម្រោងឥណទានសម្បទានជាដើម។
ជាការឆ្លើយតប ឯកឧត្តម YASUI TAKEHIRO អគ្គនាយក JICA បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងរលូន ក្នុងការគ្រប់គ្រង និងដំណើរការគម្រោងនានាដែលជាជំនួយរបស់ JICA កន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ក៏បានសំណូមពរឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃនេះបន្ថែមទៀត សម្រាប់គម្រោងដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ក៏ដូចជាគម្រោងនានានាពេលអនាគត៕