នៅថ្ងៃព្រហស្បត៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះជួបប្រជុំពិភាក្សា និងពិគ្រោះយោបល់ការងារជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ លោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើករណីក្រុមហ៊ុនឯកជន បានស្នើសុំជួលទីតាំងដីនៅចំណុចទំនប់អាងទឹកតាសាល ស្ថិតក្នុងភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការអភិវឌ្ឍជាគម្រោងទេសចរណ៍ធម្មជាតិ និងរុក្ខទេសចរណ៍ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលស្រុកឱរ៉ាល់ និងតំណាងក្រុមហ៊ុនឯកជនផងដែរ។
នាឱកាសនោះ ឯកឧត្តម អ៊ុក វុទ្ធី បានបញ្ជាក់ថា ការលើកកម្ពស់ទេសចរណ៍ក្នុងស្រុកជាទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយភ្ជាប់ទៅនឹងធម្មជាតិ ជំនឿ និងប្រវត្តិសាស្ត្រ ដែលក្នុងនោះធនធានទឹកមានតួនាទីយ៉ាងសំខាន់។ ប៉ុន្តែរាល់ការអភិវឌ្ឍត្រូវអនុវត្តតាមច្បាប់ជាធរមាន ខណៈគម្រោងវិនិយោគនៅអាងទឹកតាសាលនេះ នឹងជួយបង្កើតភាពប្រទាក់ក្រឡាជាមួយតំបន់ទេសចរណ៍ដែលមានស្រាប់ (ដូចជា ភ្នំខ្នងផ្សារ និងតេទឹកពុះ) ក្នុងស្រុកឱរ៉ាល់ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។
ជាលទ្ធផល អង្គប្រជុំទាំងមូលបានសម្តែងនូវការគាំទ្រ និងសាទរចំពោះគម្រោងវិនិយោគរមណីយដ្ឋានទេសចរណ៍ធម្មជាតិនេះ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានស្នើសុំឱ្យភាគីក្រុមហ៊ុនរៀបចំគម្រោងប្លង់មេនៃរមណីយដ្ឋានឱ្យបានច្បាស់លាស់ លម្អិត និងត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តតាមច្បាប់ ក៏ដូចជាបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានឱ្យបានម៉ឺងម៉ាត់បំផុត មុនចាប់ផ្តើមអនុវត្តគម្រោង៕