នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងគ្រោះរាំងស្ងួតផ្ទាល់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលបណ្តាលមកពីកត្តាប្រែប្រួលអាកាសធាតុ ជាពិសេសឥទ្ធិពលបាតុភូតអែលនីញ៉ូ (El Niño)។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងក្រុមការងារ បានចុះពិនិត្យទីតាំងសំខាន់ៗចំនួន ៣កន្លែង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង រួមមាន៖
ទី១. ចុះពិនិត្យផ្ទាល់នៅភូមិជ្រៃរុន ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ដែលរាំងស្ងួតខ្វះទឹកលើផ្ទៃដីស្រូវចំនួន ៦.៣២៥ ហិកតា ដោយសារគ្មានប្រភពទឹក និងខ្វះប្រព័ន្ធធារាសាស្ត្រ។ សរុបជារួមក្នុងស្រុកនេះ ផលប៉ះពាល់មានចំនួន ៥ឃុំ (ឃុំឫស្សីក្រាំង ព្រៃស្វាយ គារ ជ្រៃ និងឃុំរស់មង្គល) លើផ្ទៃដីសរុប ៣២.៩៧៨ ហិកតា។ ទោះជាយ៉ាងណា បន្ទាប់ពីមានភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី៩ ខែកញ្ញា ស្ថានភាពដំណាំស្រូវវស្សាក្នុងតំបន់នេះ បានចាប់ផ្តើមល្អប្រសើរឡើងវិញជាបណ្តើរៗហើយ។
ទី២. ចុះពិនិត្យប្រឡាយនាំទឹកនាងល័ក្ខ ស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេល ដែលមន្ទីរជំនាញ សប្បុរសជន និងប្រជាពលរដ្ឋ បានរួមគ្នាបូមទឹកពីស្ទឹងមង្គលបូរី ដើម្បីស្រោចស្រពដំណាំស្រូវដែលរងផលប៉ះពាល់សរុបចំនួន ៦.៣៦៤ ហិកតា នៅក្នុងឃុំឃ្លាំងមាស និងឃុំក្តុលតាហែន។
ទី៣. ចុះពិនិត្យក្បាលទ្វារអូរដូនពៅ ស្ថិតក្នុងឃុំឃ្លាំងមាស ស្រុកបវេល ដើម្បីនាំទឹកពីស្ទឹងមង្គលបូរី បញ្ចូលទៅក្នុងអាងទឹកកំពីរពួយ។
នាពេលរសៀលថ្ងៃដដែល ឯកឧត្តម ឈា ប៊ុនរិទ្ធ និងក្រុមការងារ បានបន្តចុះពិនិត្យប្រព័ន្ធធារាសាស្ត្រអូរដូនតា និងផ្ទះស្បូវ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បច្ចុប្បន្ន ប្រព័ន្ធទាំងពីរនេះកំពុងរីងស្ងួតខ្វះទឹកស្រោចស្រព ដោយសារតំបន់ផ្ទៃរងទឹកភ្លៀងអូរដូនតាមិនសូវមានភ្លៀង និងមិនអាចបង្វែរទឹកពីស្ទឹងមកបញ្ចូលបាន ដែលធ្វើឱ្យស្រូវវស្សាក្នុងតំបន់នេះប្រឈមនឹងផលប៉ះពាល់ជាលើកទី២ ប្រសិនបើគ្មានភ្លៀងធ្លាក់បន្ថែមទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំដល់មន្ទីរជំនាញ ត្រូវសហការជាមួយខេត្តជិតខាងដើម្បីស្វះស្វែងរកប្រភពទឹក និងរៀបចំសំណើសុំការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រមកក្រសួង។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់តាមដានបាតុភូត El Niño និងបង្កើនការផ្សព្វផ្សាយពីស្ថានភាពទឹក និងការប្រែប្រួលអាកាសធាតុជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រមទាំងត្រៀមលក្ខណៈបង្វែរប្រភពទឹក និងបូមទឹកអន្តរាគមន៍ ដើម្បីសង្គ្រោះស្រូវវស្សារបស់ប្រជាកសិករឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕