កម្រងរូបភាពទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យវឌ្ឍនភាពអនុគម្រោងសំណង់ស្ទាក់ទឹក និងប្រព័ន្ធដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
អនុគម្រោងប្រព័ន្ធដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប មានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ហូរធ្លាក់ទៅទន្លេបាទីក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តធ្លាក់ទៅទន្លេបាសាក់ ដែលគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៧០,៦៤%។
ការងារសំខាន់ៗ របស់អនុគម្រោងមានដូចជា៖ ១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ មាត់លើទំហំ ១០០ម៉ែត្រគិតទាំងខ្នងទំនប់និងមានបាតក្រោមទំហំ ៤០ម៉ែត្រ និង២)ជួសជុលនិងសាងសង់សំណង់សិល្បការ្យ សរុបចំនួន ៦៨កន្លែង ក្នុងនោះមានសាងសង់សំណង់ស្ទាក់ទឹក(ទ្វារទឹក) ១កន្លែង មានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងបណ្តោយ ៣០០ម៉ែត្រ មានទ្វារទឹកចំនួន៥ ទ្វារទឹកនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងកម្ពស់ ៧,៥ម៉ែត្រ ដែលទ្វារទឹកនីមួយៗ អាចដោះទឹកបាន ៦២ម៉ែត្រគូបក្នុង១វិនាទី៕