ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សូមជម្រាបថា កិច្ចពិភាក្សានាពេលនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងលោកអគ្គនាយករងនៃអគ្គនាយកកិច្ចការបច្ចេកទេស ព្រមទាំងលោកប្រធាននាយកដ្ឋានផែនការនិងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថា គោលបំណងសំខាន់នៃជំនួប គឺដើម្បីពិភាក្សាអំពីគម្រោងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យធនធានទឹក និងឧតុនិយម ព្រមទាំងអាចឈានដល់ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នាផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងការអនុវត្តការងាររបស់ក្រសួងធនធានទឹក និងឧតុនិយមពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពគន្លឹះទី១៕