ឯកឧត្ដម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញវឌ្ឍនភាពនៃការអនុវត្តគម្រោងក្រោមក្រមខណ្ឌហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)
រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញលើវឌ្ឍនភាពនៃការអនុវត្ត គម្រោងក្រោមក្របខណ្ឌហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
សូមជម្រាបថា កិច្ចប្រជុំបានប្រព្រឹត្ដទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ឈួន សំរឹទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Sanui Kazumasa ប្រធាន JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតរបស់ JICA ដែលទទួលបន្ទុកគម្រោង ព្រមទាំងភ្នាក់ងារប្រតិបត្តិ និងអនុវត្តគម្រោងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ឯកឧត្ដមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណង៖ ទី១)ពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោងក្រោមហិរញ្ញប្បទានពី JICA គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ទី២)កំណត់បញ្ហាប្រឈមក្នុងការអនុវត្តគម្រោងដែលទាមទារការយកចិត្តទុកដាក់ និងទី៣)ដាក់ចេញនូវសកម្មភាពរួមដើម្បីដោះស្រាយបញ្ហាប្រឈម សំដៅពន្លឿនការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។
ជាលទ្ធផល ឯកឧត្ដមអនុរដ្ឋលេខាធិការបានឱ្យដឹងថា កិច្ចប្រជុំបានទទួលជោគជ័យប្រកបដោយផ្លែផ្កា ជាមួយកិច្ចពិភាក្សា និងការចូលរួមផ្តល់មតិយោបល់សំខាន់ៗពីភាគីពាក់ព័ន្ធរួមមាន JICA និងភ្នាក់ងារប្រតិបត្តិនិងអនុវត្ដគម្រោងដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកពីបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងផ្តល់ការឯកភាពរួមគ្នាលើការអនុវត្ត ស្របតាមស្មារតីនៃកិច្ចប្រជុំ សំដៅធានាបាននូវកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជាប្រកបដោយចីរភាព៕