ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំក្រុមទីប្រឹក្សារបស់ក្រសួងទាំងថ្នាក់ជាតិ និងអន្តរជាតិ ធ្វើការចុះពិនិត្យលើទីតាំងធ្វើទំនើបកម្មវិស្វកម្មនៃប្រព័ន្ធធារាសាស្រ្តខ្នាតធំចាប់ពីតំបន់វិហារលួង តំបន់កំពង់លួង និងតំបន់លង្វែកដល់តំបន់សាមគ្គីមានជ័យ តំបន់អន្លុងជ្រៃ តំបន់អមលាំង តំបន់ថ្ពង ដល់តំបន់ប្រាំបីមុំ ស្ថិតក្នុងខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពី
ខេត្តកណ្តាល-ខេត្តកំពង់ឆ្នាំង-ខេត្តកំពង់ស្ពី ៖ នៅថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងសហការី បានអញ្ជើញដឹកនាំក្រុមទីប្រឹក្សារបស់ក្រសួងទាំងថ្នាក់ជាតិ និងអន្តរជាតិ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋអ្នកទទួលផលទាំងអស់ធ្វើការអមដំណើរលោកជំទាវបណ្ឌិត Jyotsna Puri អនុប្រធានរងមូលនិធិអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម IFAD លោកស្រីបណ្ឌិត Reehana Raza នាយក IFAD តំបន់អាស៊ីនិងប៉ាស៊ីហ្វិក និងគណៈប្រតិភូរបស់ IFAD ទាំងមូលធ្វើការចុះពិនិត្យលើទីតាំងធ្វើទំនើបកម្មវិស្វកម្មនៃប្រព័ន្ធធារាសាស្រ្តខ្នាតធំចាប់ពីតំបន់វិហារលួង តំបន់កំពង់លួង និងតំបន់លង្វែកដល់តំបន់សាមគ្គីមានជ័យ តំបន់អន្លុងជ្រៃ តំបន់អមលាំង តំបន់ថ្ពង ដល់តំបន់ប្រាំបីមុំ ស្ថិតក្នុងខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពី។
ក្រោយកិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវបណ្ឌិត Jyotsna Puri អនុប្រធានរង IFAD ដែលពុំធ្លាប់មាននាពេលកន្លងមក ធ្វើឲ្យថ្នាក់ដឹកនាំទាំងអស់របស់ស្ថានស្នាក់ការកណ្តាលនៃ IFAD ប្រចាំនៅទីក្រុង Rome ប្រទេស Italy បានយល់យ៉ាងច្បាស់អំពីគោលនយោបាយទឹកក្នុងការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹក ដោយធានាយ៉ាងណាឲ្យមានសុវត្ថិភាពទឹកសម្រាប់គ្រប់វិស័យប្រកបដោយសក្តិសិទ្ធភាព និងមាននិរន្តរភាព ធ្វើឲ្យ IFAD បានវិនិយោគទុនដ៏ធំសម្បើមពុំធ្លាប់មាននៅគ្រប់ភូមិភាគទាំងអស់នៃពិភពលោកក្នុងគម្រោងកសាងប្រព័ន្ធធារាសាស្រ្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយធននឹងបម្រែបម្រួលអាកាសធាតុបម្រើឲ្យការផលិតប្រកបដោយចេរភាព CAISAR។
ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំយ៉ាងសកម្មដោយផ្ទាល់ក្នុងការកសាងគម្រោង CAISAR និងដោយបានការគាំទ្រយ៉ាងរឹងមាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងនេះនឹងធ្វើការធានាសន្តិសុខទឹកលើគ្រប់វិស័យក្នុងផ្ទៃដី ២៥០០០ ហត និងកាត់បន្ថយជាអតិបរិមានូវទឹកជំនន់ដែលតែងតែគម្រាមកំហែងតំបន់ផ្លូវជាតិលេខ៥ក្នុងភូមិសាស្រ្តខេត្តកណ្តាល ខេត្តកំពង់ស្ពី និងខេត្តកំពង់ឆ្នាំង។ ម្យ៉ាងទៀតគម្រោងខាងលើក៏នឹងបង្កើតឡើងនូវតំបន់បៃតងដ៏ធំ និងតំបន់អេកូទេសចរណ៍ហើយបន្តពង្រីកនូវសកម្មភាពរបស់ ASPIRE និងSAAMBAT នៃកម្មវិធី IFAD ទៀតផង ៕