ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមដៃគូអភិវឌ្ឍន៍​ ចុះធ្វើការត្រួតពិនិត្យលើតំបន់ស្ទឹងលំហាច តំបន់ស្ទឹងអាចាង តំបន់ស្ទឹងបរិបូរណ៌​ និងតំបន់ផ្ទៃងរងទឹកភ្លៀងនានាពីតំបន់ជម្រាលទាំងអស់នៃស្ទឹងបរិបូរណ៌​

នៅថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ​ ២០២៣ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមដៃគូអភិវឌ្ឍន៍លើហិរញ្ញប្បទានគម្រោង CAISAR ដែលអញ្ជើញមកពីធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB មកពីមូលនិធីអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម IFAD មកពីមូលនិធិបៃតង GCF មកពីអង្គការសហប្រជាជាតិ UN-FAO សហការីជាតិ​ អន្តរជាតិ អាជ្ញាធរគ្រប់​លំដាប់​ថ្នាក់​របស់ខេត្តកំពង់ឆ្នាំង ចុះធ្វើការត្រួតពិនិត្យលើតំបន់ស្ទឹងលំហាច តំបន់ស្ទឹងអាចាង តំបន់ស្ទឹងបរិបូរណ៌​ និងតំបន់ផ្ទៃងរងទឹកភ្លៀងនានាពីតំបន់ជម្រាលទាំងអស់នៃស្ទឹងបរិបូរណ៌​ ដើម្បីដំណើរការឲ្យបានឆាប់បំផុតតាមអ្វីដែលអាចធ្វើទៅបានក្នុងការសាងសង់អាងទឹកក្តុល​ ដ៏មានសក្តានុពលសម្បូរបែប ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឲ្យក្លាយទៅជាទំនប់អាងទឹក ប្រភពទឹករស់​ ដេីម្បីធ្វើការផ្គត់ផ្គង៉ឲ្យប្រព័ន្ធធារាសាស្រ្តលំហាច ជានិរន្តលេីផ្ទៃដីស្រោចស្រពឲ្យបានច្រើនជាង ២០.០០០ ហិកតា​ បន្ថែមទៀត ។

តំបន់ទាំងអស់ខាងលើ​ កាលពី​អតីត​កាល​ស្ថិតក្នុងសង្រ្គាមជាមួយនឹងក្រុមឧទាមអតីតខ្មែរក្រហមដ៏យូរទើបតែសមាហរណកម្មចុងក្រោយគេបំផុត ធ្វើឲ្យកិច្ចអភិវឌ្ឍន៏ក្នុងហេដ្ឋារចនាសម្ព័ន្ធទឹកក្នុងតំបន់ទាំងនេះ​ បានប្រព្រឹត្តទៅមានការយឺតយ៉ាវ​ ។ យោងលេី​ស្ថានភាព​នេះ​ ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយមានការឧបត្តម្ភគាំទ្រសហប្រតិបត្តិការដ៏រឹងមាំពីសំណាក់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបើករង្វង់ប្រតិបត្តិការ​ ធ្វើ​ការសាងសង់បានសំណង់សិល្បកាមួយចំនួនក្នុងតំបន់ខាងលើ និង​បន្ថែម​ការអភិវឌ្ឍន៏បន្តលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមគ្រប់យ៉ាង ជាកិច្ចការចាំបាច់​ និងបន្ទាន់បំផុតក្នុងនិយាមធ្វើទំនើបកម្មវិស្វកម្មក្នុងតំបន់ដែលដីមានគុណភាពទាប ធ្វើការបង្កើនការផលិតឲ្យបានច្រើនរដូវកាល បង្កើនបរិស្ថានបៃតងលើគ្រប់រដូវកាល បង្កើតឲ្យមាននិរន្តភាពក្នុងសុវត្ថិភាពទឹកលើគ្រប់វិស័យ និងបង្កើនជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋជាប្រចាំ ។ ឯកឧត្តមរដ្ឋមន្ដ្រី​ បានដឹកនាំ​ និងបញ្ជាដោយផ្ទាល់ក្នុងកិច្ចសហប្រតិបត្តិការដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តនៃកិច្ចអភិវឌ្ឍន៏វិស័យធនធានទឹករបស់ព្រះរាជាណាចក្រកម្ពុជា​ សម្រាប់ភូមិភាគកណ្តាលនៃប្រទេស និងប្រព័ន្ធធារាសាស្រ្តខ្នាតធំលំហាចឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនោះជាកិច្ចសហប្រតិបត្តិការជាមួយនឹង AIIB, IFAD, GCF, និងFAO ៕