នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៦ លោក ម៉ែន ម្លប់បុណ្យ អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសចុះសិក្សាស្វែងយល់អំពីការធ្វើស្រែបង្ហាញតាមវិធីសាស្រ្តជម្រើសពន្លិច-សម្ងួត (Alternative Wet and Dry-AWD) ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយការប្រើប្រាស់ទឹក និងទទួលបានទិន្នផលខ្ពស់ នៅសហគមន៍កសិករប្រើប្រាស់ទឹកអាងកំពីងពួយ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
សូមជម្រាបថា ការចុះសិក្សាស្វែងយល់នេះមានការចូលរួមពីគណៈកម្មាធិការ និងសមាជិកសហគមន៍កសិករប្រើប្រាស់ទឹក និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ព្រមទាំងតំណាងក្រុមហ៊ុន Green Carbon និងតំណាងក្រុមហ៊ុន seed & feed។
របៀបវារៈសំខាន់ៗនៃកម្មវិធីរួមមាន៖ ទី១)កិច្ចប្រជុំជាមួយគណៈកម្មាធិការ និងសមាជិកស.ក.ប.ទ. ដែលបានអនុវត្តកន្លងមក កំពុងចាប់ផ្តើម និងសមាជិកដែលមានបំណងចូលរួមអនុវត្ត ទី២)បទបង្ហាញលទ្ធផលនៃការសិក្សាវិធីសាស្រ្តAWD ទី៣)ធ្វើសម្ភាសន៍ជាមួយកសិករដែលបានអនុវត្ត និងត្រៀមចុះកិច្ចសន្យាអនុវត្តជាមួយក្រុមហ៊ុន និង ទី៤)ធ្វើទស្សនកិច្ចដល់ទីតាំងស្រែបង្ហាញ៕