នាថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាសហប្រធានក្រុមការងារត្រី-វិស័យ (កសិកម្ម ទឹក និងជនបទ) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារគាំទ្រសហគមន៍កសិកម្មទំនើប និងសិក្សាវាយតម្លៃសក្តានុពលសហគមន៍ផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តតាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។
សូមជម្រាបថា ក្នុងដំណើរបេសកកម្មអន្តរវិស័យនេះ ដែលមានការចូលរួមពីសំណាក់តំណាងមន្ទីរជំនាញពាក់ព័ន្ធ រួមមានមន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងក្រុមការងារបច្ចេកទេសបានចុះពិនិត្យដោយផ្ទាល់នូវទីតាំងគោលដៅយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន រួមមាន៖ ទី១)ការចុះពិនិត្យសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ក្នុងខេត្តតាកែវ ទី២)ការស្វែងយល់ពីវឌ្ឍនភាពនៅស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទី៣)ការពិនិត្យសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹងក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី៤)ការចុះវាយតម្លៃសក្តានុពលនៅសហគមន៍កសិកម្មតាសីសាមគ្គី ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីប្រមូលធាតុចូលសំខាន់ៗសម្រាប់ជំរុញកិច្ចអន្តរាគមន៍អន្តរវិស័យឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា បេសកកម្មនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពនៃការងារគាំទ្រសហគមន៍កសិកម្មទំនើប ជាពិសេសការសិក្សាវាយតម្លៃសក្តានុពលសហគមន៍ផ្សេងទៀត សម្រាប់អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពចំពោះកិច្ចអន្តរាគមន៍អន្តរវិស័យ ដែលគ្រោងនឹងដាក់ជូនកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្រ្តីត្រី-វិស័យលើកទី៥ ដើម្បីពិនិត្យ និងសម្រេច នាខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ៕