នាថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងក្រុមទីប្រឹក្សាបច្ចេកទេស ដើម្បីចាប់ផ្តើមអនុវត្តកម្មវិធីភាពជាដៃគូអូស្ត្រាលី-កម្ពុជា សម្រាប់ភាពធន់នឹងអាកាសធាតុ (ACP4Climate)។
សូមជម្រាបថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងឯកភាពលើសេចក្តីព្រាងលក្ខខណ្ឌការងារ (ToR) សម្រាប់គណៈកម្មាធិការតម្រង់ទិស (Steering Committee) អង្គភាពគ្រប់គ្រងកម្មវិធី (PMU) និងក្រុមការងារបច្ចេកទេស (TWG) សំដៅធានាឱ្យបាននូវកិច្ចដំណើរការ និងការអនុវត្តកម្មវិធី ACP4Climate ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។
ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិភាក្សា និងសម្រេចលើអភិក្រមនៃគំនិតគោល ដើម្បីរៀបចំសេចក្តីព្រាងលក្ខខណ្ឌការងារសម្រាប់លទ្ធផលចុងក្រោយទី១ នៃកម្មវិធី (End of Program Outcome 1-EOPO1) ព្រមទាំងបានពិភាក្សាលើការរៀបចំព្រឹត្តិការណ៍ប្រកាសបើកដំណើរការអនុវត្តកម្មវិធី ACP4Climate ជាផ្លូវការ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ៕