ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង និងសហការី ចូលរួមប្រជុំនាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឆ្លងគម្រោងកិច្ចសហប្រតិបត្តិការថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់
នៅថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង និងសហការី ចូលរួមប្រជុំនាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានអង្គប្រជុំ ដើម្បីឆ្លងគម្រោងកិច្ចសហប្រតិបត្តិការថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ។ សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការថ្មីរបស់ក្រសួងធនធានទឹក និងឧតុនិយម និងAIIB គឺការធ្វើទំនើកម្មវិស្វកម្មលើវិស័យធនធានទឹក និងឧតុនិយមដើម្បីធ្វើការបង្កើនជាអតិបរមាបន្ថែមទៀតនូវសមត្ថភាពរបស់ក្រសួងក្នុងការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកប្រកបដោយស័កសិទ្ធភាព មានប្រសិទ្ធភាពខ្ពស់ និងធានាបានទាំងស្រុងលើនិរន្តរភាពក្នុងការកាត់ផ្តាច់នូវហានិភ័យដែលបង្កឡើងដោយជំនន់ទឹកភ្លៀង និងទន្លេ លើហេដ្ឋារចនាសម្ព័ន្ធនានានឹងឈានទៅម្ចាស់ការទាំងស្រុងលើសន្តិសុខទឹកសម្រាប់គ្រប់វិស័យក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា ៕