នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ធ្វើដំណើរថ្មើរជើង«ព្យុហយាត្រាសាមគ្គីភាព-Solidarity March» ដើម្បីសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី។
សូមជម្រាបថា មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយគាំទ្រដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារភាពត្រឹមត្រូវ បុព្វហេតុបូរណភាពទឹកដី និងអធិបតេយ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការធ្វើដំណើរថ្មើរជើង «ព្យុហយាត្រាសាមគ្គីភាព-Solidarity March» ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ៕