នៅថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ជួបប្រជុំពិភាក្សាការងារជាមួយក្រុមជំនាញការបច្ចេកទេសកូរ៉េ (KOMEC)។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Online) ពីសំណាក់ក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង។
កិច្ចប្រជុំនេះបានផ្តោតការពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅលើដំណើរការ នៃការត្រៀមដំឡើងឧបករណ៍ជលសាស្ត្រទំនើប CCTV+AI។ ឧបករណ៍នេះ គឺជាប្រភេទកាមេរ៉ាបំពាក់បច្ចេកវិទ្យាទំនើប ដែលប្រើប្រាស់សេនស័រ (Sensor) ព្រមទាំងរួមបញ្ចូលនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលមានសមត្ថភាពខ្ពស់ក្នុងការវាស់កម្ពស់ទឹក វាស់ធារទឹក និងវាស់ល្បឿនទឹកប្រកបដោយភាពសុក្រឹត។
គួររំលឹកផងដែរថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ ក្រុមការងារចម្រុះបានចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមដំឡើងឧបករណ៍ជលសាស្ត្រនេះនៅសំណង់ស្ទាក់ទឹកចំនួនពីរទីតាំង គឺនៅចំណុចទំនប់សាលាតាអន និងចំណុចស្ពានសម្តេច ស ខេង ដែលស្ថិតនៅលើដងស្ទឹងសង្កែ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
នាក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់ភាគីក្រុមមន្ត្រីបច្ចេកទេសកូរ៉េ ជួយពន្លឿនការបំពាក់ឧបករណ៍ជលសាស្ត្រដ៏ទំនើបនេះ នៅលើទីតាំងទាំងពីរខាងលើឱ្យបានសម្រេចជោគជ័យទៅតាមការគ្រោងទុក។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំ និងជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីនៃមន្ទីរធនធានទឹកខេត្ត ត្រូវបន្តសហការឱ្យបានជិតស្និទ្ធជាមួយក្រុមជំនាញការបច្ចេកទេសកូរ៉េ KOMEC សំដៅធានាឱ្យការអនុវត្តការងារនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានប្រសិទ្ធភាព៕