នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី ផាក យ៉ុងណាន (Park Kyung-nan) នាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ និងស្វែងរកឱកាសសហការបន្ថែម។
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក និងបានថ្លែងនូវការអបអរសាទរចំពោះលោកស្រី ផាក យ៉ុងណាន ដែលត្រូវបានតែងតាំងជានាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលតែងតែគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ការការពារសង្គម និងការពង្រឹងអាហារូបត្ថម្ភដែលធន់នឹងអាកាសធាតុក្នុងតំបន់ ជាពិសេសការគាំទ្រ និងការរួមចំណែកជាបន្តបន្ទាប់ ចំពោះការអភិវឌ្ឍ និងការងារមនុស្សធម៌នៅប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោកពីអាទិភាពសំខាន់ៗរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការធានាសន្តិសុខទឹកតាមរយៈការសាងសង់ ការស្តារឡើងវិញ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រពេញលេញ ការពង្រឹងសេវាជលសាស្ត្រនិងឧតុនិយម ការអភិវឌ្ឍនិងការធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់និងគោលនយោបាយ ការលើកកម្ពស់សមត្ថភាពស្ថាប័ននិងធនធានមនុស្ស និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍និងស្ថាប័ននានា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាតិលើវិស័យធនធានទឹក និងឧតុនិយម។
សូមបញ្ជាក់ថា កម្មវិធីស្បៀងអាហារពិភពលោក(WFP) បាននិងកំពុងធ្វើការជាមួយក្រសួងធនធានទឹក និងឧតុនិយម ទាក់ទងនឹងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសក្រសួងលើការវិភាគហានិភ័យអាកាសធាតុ កិច្ចសហការលើការចែករំលែកទិន្នន័យជលសាស្ត្រ និងឧតុនិយម ការធ្វើសមាហរណកម្មទិន្នន័យគ្រោះថ្នាក់ ភាពងាយរងគ្រោះ និងសន្តិសុខស្បៀង រួមទាំងការចែករំលែកទិន្នន័យផ្កាយរណប និងទិន្នន័យពីចម្ងាយ (Remote Sensing) សម្រាប់ការរៀបចំផែនការនិងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នា (EW4ALL roadmap) សម្រាប់ប្រទេសកម្ពុជា៕