នារសៀលថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដែលមានភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងក្របខ័ណ្ឌទូទាំងប្រទេស (CCRSIWFDMP) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងរបស់អង្គភាពគ្រប់គ្រងគម្រោង ជាមួយលោក David Ginting ប្រធានក្រុមដឹកនាំគម្រោងនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) តាមប្រព័ន្ធវីដេអូ (ZOOM) ។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានគ្រប់គ្រងគម្រោង ក្រុមការងារនៃផ្នែកពាក់ព័ន្ធទាំងអស់របស់អង្គភាពគ្រប់គ្រងគម្រោង និងទីប្រឹក្សាជាតិរបស់គម្រោង ព្រមទាំងមន្រ្តីទទួលបន្ទុកតាមជំនាញនីមួយៗរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជាច្រើនរូបផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីណែនាំសមាសភាពក្រុមការងារគម្រោងថ្មី ពិនិត្យលើវឌ្ឍនភាពការងារ ពិភាក្សាដោះស្រាយបញ្ហាប្រឈម និងកំណត់ទិសដៅផែនការអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ ឱ្យកាន់តែមានភាពស៊ីសង្វាក់ និងប្រសិទ្ធភាពខ្ពស់ ស្របតាមកាលវិភាគដែលបានកំណត់។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចប្រជុំដំបូងនេះ ថាជាការលើកកម្ពស់សាមគ្គីភាព និងការយល់ដឹងរួមអំពីគោលដៅ វិសាលភាព គុណភាព ក៏ដូចជាយន្តការអនុវត្តគម្រោងរវាងក្រុមការងារថ្មី ជាមួយក្រុមការងារនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។
ជាការឆ្លើយតប តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានសម្តែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការតែងតាំងសមាសភាពថ្មីរបស់អង្គភាពគ្រប់គ្រងគម្រោងនេះ ដែលជាកម្លាំងសកម្មមួយសម្រាប់បន្តអនុវត្តគម្រោងប្រកបដោយស្មារតីទទួលខុសត្រូវ ក្រោមការចូលរួមចំណែកពីទីប្រឹក្សាជាតិ និងអន្តរជាតិរបស់គម្រោង។
ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារទាំងអស់ ត្រូវបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ព្រមទាំងអនុវត្តតួនាទីភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្នុងគោលដៅជំរុញ និងពន្លឿនដំណើរការអនុវត្តគម្រោងឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ប្រកបដោយតម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា៕