នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលលើកទី៤ (The 4th Joint Coordinating Committee Meeting) នៃគម្រោងរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ និងប្រធាននាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង រួមជាមួយលោកស្រី MIYASHITA Akiko អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា លោក Sakae Ohyama ប្រធានទីប្រឹក្សាបច្ចេកទេសគម្រោង ព្រមទាំងជំនាញការ មន្ត្រីសមភាគី និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៣៥ នាក់។
សូមជម្រាបថា គោលបំណងសំខាន់នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលលើកទី៤ នាថ្ងៃនេះ គឺដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោង ព្រមទាំងលទ្ធផលសម្រេចបាន ក្នុងដំណាក់កាលចុងក្រោយ មុននឹងឈានទៅបញ្ចប់គម្រោងក្នុងពេលឆាប់ៗខាងមុខ។
គម្រោងរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា មានសារៈសំខាន់ខ្លាំងណាស់ក្នុងការកសាង និងពង្រឹងសមត្ថភាពជូនដល់មន្ត្រីបច្ចេកទេសទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួង តាមរយៈការផ្ទេរចំណេះដឹងពីជំនាញការបច្ចេកទេសជប៉ុន និងការរៀបចំវគ្គបណ្តុះបណ្តាលលើការរៀបចំផែនការ ព្រមទាំងការសិក្សាគ្រោងប្លង់ប្រព័ន្ធធារាសាស្ត្រ។ លើសពីនេះ គម្រោងនឹងផ្ដល់នូវមូលដ្ឋានបទដ្ឋានបច្ចេកទេសរួម សម្រាប់ធានាបាននូវសង្គតភាព ក្នុងការរៀបចំផែនការ និងការសិក្សាគ្រោងប្លង់សម្រាប់គ្រប់គម្រោងដែលប្រើប្រាស់ថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ នាពេលអនាគត។
សូមបញ្ជាក់ថា គម្រោងរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនេះ មានរយៈពេល ៤ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្តតាំងពីខែមីនា ឆ្នាំ២០២២ និងគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែមីនា ឆ្នាំ២០២៦ ខាងមុខ។