នាថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានក្រុមការងារត្រីវិស័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារត្រីវិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៥ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសហប្រធានតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃលេខាធិការដ្ឋានក្រុមការងារត្រីវិស័យជាច្រើនរូប។
សូមជម្រាបថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលការងារប្រចាំខែកុម្ភៈ ព្រមទាំងដាក់ចេញនូវផែនការសកម្មភាពសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងទាំងបី។ ទន្ទឹមនឹងនេះ អង្គប្រជុំបានធ្វើការឆ្លុះបញ្ចាំង និងដកស្រង់បទពិសោធន៍ដែលទទួលបានពីការចុះសិក្សាស្វែងយល់ផ្ទាល់ពីវឌ្ឍនភាពការងារនៅតាមបណ្តាសហគមន៍កសិកម្មទំនើប និងពិនិត្យលើកិច្ចដំណើរការការងាររបស់លេខាធិការដ្ឋានក្រុមការងារត្រីវិស័យឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាយ៉ាងស៊ីជម្រៅលើការអនុវត្តការងារអន្តរាគមន៍សម្រាប់បណ្តាសហគមន៍គោលដៅ ក្នុងក្របខ័ណ្ឌឆ្នាំ២០២៥-២០២៦ ព្រមទាំងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំ «យុទ្ធសាស្ត្រ និងផែនការអនុវត្តត្រីវិស័យ» រយៈពេល ៥ឆ្នាំ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ទឹក និងជនបទនៅកម្ពុជា ឱ្យមានសង្គតិភាព និងកិច្ចសម្របសម្រួលខ្ពស់។ ជាកិច្ចបញ្ចប់ អង្គប្រជុំក៏បានពិភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីវិស័យលើកទី៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែមេសា ឆ្នាំ២០២៦ ខាងមុខ។