នាថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ និងជានាយកគម្រោងអាងទឹកដងកាំបិត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដោយមន្រ្តីបច្ចេកទេសក្រសួង ព្រមទាំងក្រុមបច្ចេកទេសក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសមកពីសាធារណរដ្ឋប្រជាមានិតចិន បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកដងកាំបិត ដែលមានទីតាំងស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា គិតមកទល់ពេលនេះ លទ្ធផលការងារសាងសង់សរុបសម្រេចបានប្រមាណ ៩០% ហើយ ដោយក្នុងនោះរួមមាន៖ ទំនប់ដីផ្នែកខាងឆ្វេងសម្រេចបាន ៩៥% និងផ្នែកខាងស្តាំសម្រេចបាន ៦៨%, សំណង់បង្ហៀរទឹក (Spillway) សម្រេចបាន ៦៩,១៥%, ចំណែកឯការងារសាងសង់ទំនប់បេតុង និងទីតាំងដំឡើងទួរប៊ិនផលិតថាមពលអគ្គិសនី គឺសម្រេចបានលទ្ធផល ១០០% រួចរាល់ជាស្ថាពរ។ បច្ចុប្បន្ន ក្រុមការងារកំពុងត្រៀមលក្ខណៈរៀបចំសាងសង់ជញ្ជាំងការពាររលកនៅផ្នែកខ្នងទំនប់បន្ថែមទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ ព្រមទាំងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងសោភ័ណភាព ឱ្យស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់។ ទន្ទឹមនឹងនោះ ឯកឧត្តមបានជំរុញឱ្យបង្កើនល្បឿនការងារ ដើម្បីធានាឱ្យការសាងសង់បញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក សំដៅបម្រើដល់ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍក្នុងតំបន់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕