នាថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសមិទ្ធលទ្ធភាពលើការសិក្សាប្រភពទឹក ដើម្បីគាំទ្រដល់វិស័យទឹកស្អាត ដោយកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈគម្រោងការពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASAC) ក្រោមឥណទានសម្បទានធនាគារពិភពលោក (WB)។
សូមជម្រាបថា គោលបំណងចម្បងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យវាយតម្លៃលើសមិទ្ធលទ្ធភាពនៃការសិក្សាប្រភពទឹក ក្នុងទិសដៅជួយគាំទ្រដល់គម្រោង WASAC លើវិស័យទឹកស្អាតឱ្យទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយ និងប្រកបដោយជោគជ័យ។ ក្នុងឱកាសនោះ ក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក និងគម្រោង WASAC បានពិនិត្យឯកភាពលើការសិក្សាសមិទ្ធលទ្ធភាពខាងលើ ព្រមទាំងបានរួមចំណែកផ្តល់ធាតុចូលយ៉ាងសំខាន់លើទិដ្ឋភាពបច្ចេកទេស និងអនុសាសន៍គន្លឹះនានា ដើម្បីកែលម្អ និងជំរុញការអនុវត្តគម្រោងឱ្យដំណើរការទៅដោយរលូន មានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
ជាកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ដែលតែងតែផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងការធានាសន្តិសុខទឹក និងការជំរុញវិស័យទឹកស្អាតនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសការគាំទ្រដល់គម្រោង WASAC ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយនិរន្តរភាព៕