លោក ថាំង វីយុទ្ធដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងនៅស្រុកបាណន់ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង
នៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកអនុប្រធាននាយកដ្ឋាន និងក្រុមការងារបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេជ័យលាភី ស្ថិតនៅស្រុកបាណន់ និងគម្រោងស្តារទ្បើងវិញសំណង់ស្ទាក់ទឹកសាលាតាអន ស្ថិតនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកប្រធាននាយកដ្ឋានវិស្វកម្មមានប្រសាសន៍ថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងស្ដារប្រឡាយមេជ័យលាភីសម្រេចបានប្រមាណ៧៥% ក្នុងនោះការងារស្តារប្រឡាយមេជ័យលាភី ប្រវែង ៦៥០០ម៉ែត្រ សម្រេចបានប្រមាណ៨០% និងការងារជួសជុលសាងសង់សំណង់សិល្បការចំនួន ១៤កន្លែងសម្រេចបានប្រមាណ៧០%។ គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៧៨០ហិកតា និងរដូវប្រាំងចំនួន ៣២០ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១០ហិកតា ដោយមានប្រជាពលរដ្ឋប្រមាណ ១ ៨៨៣គ្រួសារ ទទួលផលពីគម្រោងនេះ។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ថា ចំណែកឯ គម្រោងស្តារទ្បើងវិញសំណង់ស្ទាក់ទឹកសាលាតាអន គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ៣០% ហើយគម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១ ៣៨៥ហិកតា និងរដូវប្រាំងចំនួន ៥០០ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ២០ហិកតា ដោយមានប្រជាពលរដ្ឋប្រមាណ ១ ៩៨៥គ្រួសារ ទទួលផលពីគម្រោងនេះ៕