លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យអាងទឹក និងការបង្កបង្កើនផលស្រូវរដូវវស្សានៅក្នុងភូមិសាស្ត្រខេត្តកំពត
ខេត្តកំពត៖ លោកជំទាវសាស្ដ្រាចារ្យបណ្ឌិត សេង វណ្ណសាយ រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តកែប និងកំពត អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកក្នុងអាងទឹក ការងារសហគមន៍កសិករប្រើប្រាស់ទឹក និងការបង្កបង្កើនស្រូវរដូវវស្សា នៅតាមបណ្តាស្រុកមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពត។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារ រួមជាមួយតំណាងសហគមន៍ប្រើប្រាស់ទឹកក្នុងតំបន់បានចុះពិនិត្យស្ថានភាពទឹកតាមបណ្ដាអាងទឹក ក្នុងស្រុកជុំគិរី ស្រុកឈូក និងស្រុកបន្ទាយមាស ក្នុងខេត្តកំពត ដែលរួមមាន៖
ទី១)អាងទឹកទំនប់ម្លេច ស្ថិតក្នុងឃុំច្រេស ស្រុកជុំគិរី មានសក្ដានុពលស្រោចស្រពផ្ទៃដីបង្កបង្កើនផលរដូវវស្សាបានប្រមាណ ១៦០០ហិកតា និងរដូវប្រាំងប្រមាណ ៨០០ហិកតា ទី២)អាងទឹកបឹងនិមល ស្ថិតនៅ ឃុំបឹងនិមល ស្រុកឈូក មានសក្ដានុពលស្រោចស្រពផ្ទៃដីបង្កបង្កើនផលរដូវវស្សាបានប្រមាណ ៧៥០ហិកតា និងរដូវប្រាំងបានប្រមាណ ២០០ហិកតា និង ទី៣)ស្ថានីយហាយសូន(ប្រើអគ្គីសនី)ស្ថិតក្នុង ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស មានសក្ដានុពលស្រោចស្រពផ្ទៃដីបង្កបង្កើនផលរដូវវស្សាបានប្រមាណ ៩៥៥ហិកតា និងរដូវប្រាំងបានប្រមាណ ៩០០ហិកតា។
លោកជំទាវរដ្ឋលេខាធិការ ក៏បានជួបជាមួយសហគមន៍កសិករប្រើប្រាស់ទឹកនៅតាមបណ្តាអាងទឹកខាងលើ ដើម្បីពិនិត្យមើលរចនាសម្ព័ន្ធ និងយន្តការអនុវត្តការងាររបស់សហគមន៍ផងដែរ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានសំណូមពរឱ្យមានការសាងសង់ការិយាល័យសហគមន៍កសិករប្រើប្រាស់ទឹក នៅតាមសហគមន៍មួយចំនួនដែលមិនទាន់មានអគារសម្រាប់ធ្វើការ ព្រមទាំងស្នើដល់នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ជួយបណ្ដុះបណ្តាលការងាររដ្ឋបាល និងបច្ចេកទេសបន្ថែមដល់មន្ត្រីសហគមន៍ នៅតាមសហគមន៍ប្រើប្រាស់ទឹកទាំងអស់ក្នុងខេត្ដកំពត៕