នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRMP) ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ក្រុមបេសកកម្ម បានចុះពិនិត្យដល់ទីតាំងជាក់ស្តែងនៅតំបន់ក្បាលហុង ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងបានជួបប្រជុំដើម្បីផ្សព្វផ្សាយពីការចាប់ផ្តើមអនុវត្តគម្រោង ការដោះស្រាយផលប៉ះពាល់ និងបណ្តានីតិវិធីដទៃទៀតដែលធានាដល់ការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ប្រធាន អនុប្រធាននាយកដ្ឋានចំណុះក្រសួង មន្រ្តីជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង ប្រធាន អនុប្រធាន និងមន្រ្តីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ជាច្រើនរូប។
សូមបញ្ជាក់ថា គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRMP) ដែលទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងសហហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) នឹងជួយដល់ការពង្រឹងការគ្រប់គ្រងធនធានទឹកប្រកបដោយការបន្ស៊ាំនឹងអាកាសធាតុនិងបរិស្ថានមេត្រី ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងការកាត់បន្ថយហានិភ័យពីទឹកជំនន់ និងគ្រោះរាំងស្ងួត ធានាបាននូវសន្តិសុខទឹក ព្រមទាំងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការបែងចែកទឹក និងភាពធន់នឹងអាកាសធាតុនៃហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ប្រកបដោយស័ក្តិសិទ្ធិភាព និងបរិយាបន្ន៕