• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ក្រសួងធនធានទឹក និងឧតុនិយមរាយការណ៍ពីលទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសឆ្នាំ២០២៤-២០២៥


ផុសថ្ងៃ: 23-03-2025 | អ្នកអាន: 356 |

Share


នៅថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងធនធានទឹក និងឧតុនិយម បានរាយការណ៍ពីលទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥ ដែលកិច្ចអន្តរាគមន៍បានចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
 
សូមជម្រាបថា កិច្ចអន្តរាគមន៍បានធ្វើឡើង ក្នុងរាជធានី-ខេត្តចំនួន១៧គឺ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្វាយរៀង តាកែវ ប៉ៃលិន ត្បូងឃ្មុំ កំពង់ឆ្នាំង ឧត្តរមានជ័យ និងរាជធានីភ្នំពេញ ដោយសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី សប្បុរសជន និងសហគមន៍មូលដ្ឋាន និងបានប្រើប្រាស់ម៉ាស៊ីនបូមទឹក ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿងចក្រ ដើម្បីកាយប្រឡាយនាំទឹកទៅជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ។
 
បើតាមរបាយការណ៍បានឱ្យដឹងថា ក្នុងក្របខ័ណទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥នេះ ផែនការធ្វើស្រូវប្រាំងសរុបមានចំនួន ៥៣៥៦០០ហិកតា ប៉ុន្តែជាក់ស្តែង ការអនុវត្តដាំដុះស្រូវប្រាំងមានចំនួន ៩០៧០៣៥ហិកតា ក្នុងនោះផ្ទៃដីដែលត្រូវអន្តរាគមន៍មានចំនួន ៩៣៥៨៣ហិកតា ហើយផ្ទៃដីដែលបានជួយអន្តរាគមន៍មានចំនួន ៩៣១៣៣ហិកតា។
 
ទន្ទឹមនឹងនេះ របាយការណ៍បានបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍បានប្រើប្រាស់ម៉ាស៊ីនបូមទឹកសរុបចំនួន ១៧៣គ្រឿង ក្នុងនោះម៉ាស៊ីនបូមទឹកចល័តកម្លាំង៦៥សេះចំនួន ១៦៩គ្រឿង និងម៉ាស៊ីនស្ថានីយចំនួន ៤គ្រឿង ហើយបានប្រើប្រាស់ប្រេងឥន្ធនៈចំនួន ៣៤៤៤៨០លីត្រ។ ចំណែកផ្ទៃដីមួយចំនួនទៀត ទទួលបានការជួយអន្តរាគមន៍ពីស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និងការគាំទ្រពីសប្បុរសជនគ្រប់ទិសទី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននានា។
 
ជាចុងក្រោយ របាយការណ៍ក៏បានបញ្ជាក់ឱ្យដឹងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងសាធារណជន ដើម្បីចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។
 
សូមបញ្ជាក់ថា កិច្ចការអន្តរាគមន៍ទឹកគឺជារឿងបន្ទាន់ ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់ចុះអន្តរាគមន៍ទឹកនៅគ្រប់ខេត្តក្រុង ជាពិសេស ក្រសួងធនធានទឹក និងឧតុនិយមដែលជាក្រសួងបច្ចេកទេសជំនាញ ត្រូវដើរតួនាទីចម្បងក្នុងការអន្តរាគមន៍ ដោយមានការចូលរួមសហការគាំទ្រស្អិតរមួតពីក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យទទួលបានជោគជ័យ៕
 

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page