នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រុមមន្ត្រីជំនាញរបស់នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយមបាន ចុះធ្វើការត្រួតពិនិត្យ ជួសជុល និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តតាកែវ។
ក្នុងឱកាសនេះ ក្រុមការងារក្រសួង និងមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តតាកែវ បានចុះពិនិត្យថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ៤កន្លែង ទី១)ស្ថានីយស្រុកភ្នំស្រួច ស្ថិតក្នុងឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទី២)ស្ថានីយត្រាំកក់ ស្ថិតក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទី៣)ស្ថានីយស្រែអំបិល ស្ថិតក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង និងទី៤)ស្ថានីយគីរីសាគរ ស្ថិតក្នុងភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង។
សូមបញ្ជាក់ថា ក្នុងពេលចុះថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្រុមការងារបានអនុវត្តការងារមួយចំនួនដូចជា៖ ទី១)ត្រួតពិនិត្យ និងជួសជុល ស្ថានីយភ្នំស្រួច និងស្ថានីយគីរីសាគរ ដែលមានបញ្ហាប្រព័ន្ធភ្លើង មិនបញ្ចូនទិន្នន័យមកកាន់ម៉ាស៊ីនមេ ទី២)ត្រួតពិនិត្យ និងផ្លាស់ប្តូរស៊ីមកាត ដែលមិនដំណើរការ នៅស្ថានីយភ្នំស្រួច ស្ថានីយគីរីសាគរ និងស្ថានីយត្រាំកក់ ទី៣)ត្រួតពិនិត្យ DATA LOGGER ដើម្បីឱ្យការបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនកុំព្យូទ័រមេដំណើរការល្អ ទី៤)ត្រួតពិនិត្យ និងធ្វើតេស្តឧបករណ៍វាស់កម្រិតទឹកភ្លៀង និងទី៥)ត្រួតពិនិត្យឧបករណ៍វាស់សីតុណ្ហភាព សំណើមបរិយាកាស ទិសខ្យល់ ល្បឿនខ្យល់ សម្ពាធបរិយាកាស និងសម្អាតទីធ្លាស្ថានីយ៕