នាថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាសហប្រធានក្រុមការងារត្រី-វិស័យតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីគម្រោងស្តារអាងទឹកអូររំដួល និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រក្រៅកសិដ្ឋាន ស្ថិតក្នុងភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលទទួលបានការគាំទ្រថវិកា និងបច្ចេកទេសពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដោយមានវត្តមានចូលរួមពីក្រុមការងារត្រី-វិស័យ អាជ្ញាធរភូមិ ឃុំ ព្រមទាំងសមាជិក សមាជិកានៃសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំមានគោលបំណងដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអ្នកទទួលផលទាំងអស់ នៃសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ឱ្យបានយល់ គាំទ្រ និងចូលរួមសហការក្នុងការសម្របសម្រួល និងដោះស្រាយរាល់បញ្ហានានាដែលកើតមានឡើងទាំងមុនពេល ក្នុងអំឡុងពេល និងក្រោយពេលបញ្ចប់គម្រោង ដើម្បីធានាបាននូវការអនុវត្តគម្រោងប្រកបដោយភាពជោគជ័យ និងរលូន។ លើសពីនេះ គឺដើម្បីជូនដំណឹងដល់អ្នកអាស្រ័យផលលើដីរដ្ឋទាំងអស់នៅក្នុងអាងទឹកអូររំដួល ត្រូវយល់ព្រម និងប្រគល់ដីដែលធ្លាប់អាស្រ័យផលនោះមកឱ្យក្រុមការងារគម្រោង ដើម្បីអនុវត្តការងារស្តារអាងទឹកឡើងវិញដោយផ្អែកតាមប្លង់កម្មសិទ្ធិដីអាងទឹក។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់អំពីគុណប្រយោជន៍ពហុវិស័យនៃគម្រោងដែលធានាបាននូវការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព ផ្ដល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយរបស់សហគមន៍ក្នុងការប្រើប្រាស់ទឹក។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសហគមន៍បានស្វាគមន៍គាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលថ្មីដែលនឹងកើតមាននៅក្នុងសហគមន៍នាពេលឆាប់ៗ ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយមដែលតែងតែយកចិត្ដទុកដាក់ ដោះស្រាយចំពោះរាល់បញ្ហាទាំងអស់ទាក់ទងទឹក៕