នាថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងគណៈប្រតិភូ ស្ដីពីការផ្សព្វផ្សាយកំណែទម្រង់សេវាប្រៃសណីយ៍កម្ពុជា។
ឯកឧត្តម ថេន សំវិសុទ្ធ បានមានប្រសាសន៍លើកឡើងអំពីកំណែទម្រង់សេវាប្រៃសណីយ៍កម្ពុជា ដើម្បីអាចប្រកួតប្រជែងនឹងវិស័យឯកជន និងអាចចូលរួមក្នុងការបម្រើដល់វិស័យសាធារណៈ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងបានបញ្ជាក់បន្ថែមថា រាល់សេវាបញ្ញើនានាតាមរយៈប្រៃសណីយ៍កម្ពុជាគឺធានាសុវត្ថិភាព និងទាន់ពេលវេលា និងមាននីតិវិធីត្រឹមត្រូវ ដើម្បីជាទំនុកចិត្តដល់អតិថិជន ជាមួយនឹងតម្លៃសមរម្យតាមទំហំនៃសម្ភារៈ និងឯកសារ ហើយអាចទទួលបញ្ញើនៅគ្រប់ទីតាំង។
ក្នុងឱកាសនោះ ឯកឧត្តម ម៉េង ប៉ូគន្ធ បានថ្លែងនូវការស្វាគមន៍ដោយភាពកក់ក្តៅ និងបានប្តេជ្ញាគាំទ្រសេវាប្រៃសណីយ៍ ដើម្បីពង្រឹងនូវទំនាក់ទំនងអន្តរក្រសួង ហើយឯកឧត្តម នឹងចែករំលែកព័ត៌មាននេះបន្តទៅដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងធនធានទឹក និងឧតុនិយម ដើម្បីមកទទួលសេវាប្រៃសណីយ៍ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត៕