នាថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំសន្និបាតប្រចាំឆ្នាំ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង ដើម្បីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះគឺក្នុងគោលបំណង៖ ១)ណែនាំអំពីរបៀបវារៈកម្មវិធីសន្និបាតដែលបានឯកភាពជាគោលការណ៍ដោយឯកឧត្តមរដ្ឋមន្រ្តី ២)ណែនាំអំពីដំណើរការនៃការរៀបចំកម្មវិធី ៣)ការរៀបចំរបាយការណ៍ប្រចាំឆ្នាំ២០២៥ និងផែនការឆ្នាំ២០២៦ និងឯកសារចាំបាច់ដទៃទៀត និង ៤)ការរៀបចំក្រុមការងារទៅតាមការងារនីមួយៗ និងការបែងចែកការងារទទួលខុសត្រូវ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប គ្រោងនឹងរៀបចំកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕