នៅថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ឃ្លោក សំអាង ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល និងការកសាងផែនការនិងការរៀបចំរបាយការណ៍ នៅសាលប្រជុំរំដួលនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានទាំងអស់ក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម និងគ្រូបង្គោលមកពីអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ ជាច្រើនរូប ។
ថ្លែងក្នុងអង្គពិធី លោកប្រធាននាយកដ្ឋាន បានមានប្រសាសន៍ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនាពេលនេះផ្តោតលើចំណុចសំខាន់ចំនួន៣គឺ ១)ការរៀបចំផែនការអភិវឌ្ឍន៍ ២)ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ និង ៣)ការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល។ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា ការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលនេះ ជាការបន្តការអនុវត្តស្តីពីសុខដុមនីយកម្មការងារផែនការចំណាយវិនិយោគសាធារណៈរបស់រដ្ឋ និងហិរញ្ញប្បទានសហប្រតិបត្តិការ ដែលជាគោលដៅសំខាន់នៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដើម្បីចូលរួមអនុវត្តយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលបានកំណត់អាទិភាពសំខាន់ៗចំនួន៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
ជាចុងក្រោយ លោកប្រធាននាយកដ្ឋាន បានថ្លែងនូវការកោតសរសើរចំពោះវត្តមានដ៏មានតម្លៃរបស់អ្នកគ្រូឧទ្ទេសដែលអញ្ជើញមកពីអគ្គនាយកដ្ឋានផែនការនៃក្រសួងផែនការ ព្រមទាំងបានសំណូមពរដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់រៀនសូត្រ និងយកចំណេះវិជ្ជាទៅអនុវត្តក្នុងការងារប្រចាំថ្ងៃតាមបណ្តានាយកដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យនាពេលអនាគត៕