នាថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារថែទាំជាប្រចាំ (ដំណាក់កាលទី១) លើប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តកំពត។
ក្នុងដំណើរបេសកកម្ម ឯកឧត្តមអគ្គនាយក និងក្រុមការងារអញ្ជើញចុះពិនិត្យជាក់ស្ដែងប្រព័ន្ធធារាសាស្រ្ដចំនួន ២ រួមមាន៖
១. ប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង ខេត្តកណ្តាល៖ ការងារជួសជុលថែទាំត្រូវបានអនុវត្តលើប្រឡាយមេចំនួន ០៣ខ្សែ ប្រវែងសរុប ១៧គីឡូម៉ែត្រ និងប្រឡាយរងចំនួន ០៧ខ្សែ ប្រវែងសរុប២០គីឡូម៉ែត្រ។ បន្ថែមលើនេះ ការថែទាំសំណង់សិល្បការ្យតូច-ធំចំនួន ១១៨កន្លែង ចាប់ពីសំណង់មេ (Headworks) រហូតដល់សំណង់ចែកចាយទឹកនានា ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបញ្ជូនទឹក។
២. ប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ ខេត្តកំពត៖ គម្រោងកំពុងដំណើរការថែទាំតួទំនប់ចំនួន ០២ខ្សែ ប្រវែង ៥២៧ម៉ែត្រ, ប្រឡាយមេ (បេតុង និងដី) ចំនួន ០៥ខ្សែ ប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ និងប្រឡាយរងថ្នាក់ទី១ ចំនួន ១១ខ្សែ ប្រវែងជាង ៣២គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះ ក្រុមការងារបាននិងកំពុងត្រួតពិនិត្យការថែទាំសំណង់សិល្បការ្យសរុបចំនួន ៦៣កន្លែង រួមមាន៖ សំណង់បង្ហៀរលើទំនប់ សំណង់ទ្វារទឹកខ្នាតធំ និងសំណង់ស្ទាក់ទឹកផ្សេងៗទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងបានណែនាំឱ្យមន្ត្រីបច្ចេកទេសបន្តពង្រឹងបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ដើម្បីធានាគុណភាព សោភ័ណភាព និងប្រសិទ្ធភាពសំណង់ សម្រាប់បម្រើដល់ការបង្កបង្កើនផល និងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព៕