នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីចាប់ផ្ដើមអនុវត្តការសាងសង់គម្រោង «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលម្អិតលើការងារបច្ចេកទេស និងផែនការរៀបចំផ្សេងៗ ដើម្បីធានាឱ្យបាននូវលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការត្រៀមលក្ខណៈសម្រាប់ពិធីបើកការដ្ឋានសាងសង់គម្រោងជាប្រវត្តិសាស្ត្រ «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រព្រឹត្តិទៅនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ៕