ខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកំពត៖ ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម(គល)ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងបីខាងលេី ព្រមទាំងមានការសហការពីតំណាងក្រុមហ៊ុន ណេសិនណល ខនស្ត្រាក់សិន & ខនសាល់ធេសិន អេនធើប្រាណ (អិនស៊ីស៊ីអ៉ី) ដែលជាភាគីទទួលការ បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកំពត។
ក្នុងដំណើរបេសកកម្ម ក្រុមការងារលទ្ធកម្មក្រសួង និងមន្ត្រីជំនាញអន្តរក្រសួង បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ រួមមាន ៖ ទី១)ការងារជួសជុលប្រព័ន្ធអាងទឹកចាន់ថ្នាល ស្តារប្រឡាយ និងសាងសង់សំណង់សិល្បការ្យ ស្ថិតក្នុងឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ សម្រេចបាន១០០% ទី២)ការងារស្តារប្រឡាយមេភ្នំដិនសោម
និងសាងសង់សំណង់សិល្បការ្យ ស្ថិតក្នុងឃុំភ្នំដិន ឃុំគិរីចុងកោះ និងឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ (ជំហានទី២) សម្រេចបាន១០០% និងទី៣)ការងារស្តារប្រឡាយមេប្រឆាំង និងសាងសង់សំណង់សិល្បការ្យ ស្ថិតក្នុងឃុំសំរោងលើ និងឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត (ជំហានទី២) សម្រេចបាន១០០%។
ជាលទ្ធផល ក្រុមការងារអន្តរក្រសួងឃេីញថា ប្រព័ន្ធទាំងបីខាងលេីបានស្តារជួសជុលល្អប្រសេីរ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស រួមជាមួយសោភ័ណភាព ប៉ុន្តែត្រូវតែបន្តពង្រឹងបន្ថែមទៀតឱ្យបានជាប់ជាប្រចាំ ជាពិសេស មានការចូលរួមពីប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីអាចធានាបាននូវគុណតម្លៃយូរអង្វែង សម្រាប់ជួយធ្វេីឱ្យប្រសេីរឡេីងសេដ្ឋកិច្ច-សង្គម តាមរយ:ការស្រោចស្រព ទេសចរណ៍ ផ្លូវគមនាគមន៍ ទឹកស្អាត និងសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាបងប្អូនជនភៀសសឹកផងដែរ៕