នៅថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានអញ្ជើញចុះហត្ថលេខាជាមួយលោកស្រីKang Jung Yeon តំណាងក្រុមហ៊ុន SAMAN Corporation ដើម្បីសិក្សាគ្រោងប្លង់លម្អិតលើគម្រោងគ្រប់គ្រងធនធានទឹកចម្រុះតំបន់ដីសណ្តភាគខាងកើតទន្កេមេគង្គខេត្តស្វាយរៀង សម្រាប់គម្រោងផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់ព្រែកនៀល ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី មន្រ្តីអង្គភាពគ្រប់គ្រងគម្រោងទទួលហិរញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិសំណេះសំណាល និងណែនាំដល់តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដែលបានទទួលសិទ្ធិពីក្រសួងធ្វើការសិក្សាគ្រោងប្លង់លម្អិតត្រូវយកចិត្តទុកដាក់លើការងារបច្ចេកទេសឱ្យសមស្របទៅនឹងការវិវឌ្ឍបច្ចុប្បន្ន និងពិនិត្យជាក់ស្តែងនៅក្នុងតំបន់ ទាំងផ្នែកគុណភាព និងសោភ័ណភាពនៃហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបំពាក់នៅពេលសាងសង់នាពេលខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីការសិក្សាគ្រោងប្លង់លម្អិតរួចរាល់ យើងនឹងពិនិត្យរួមគ្នា ដោយយកទំហំការងារដែលអង្គភាពគ្រប់គ្រងគម្រោងបានឯកភាពកន្លងមក ហើយត្រូវសហការជាមួយអ្នកបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួង ជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរដែនដីក្នុងតំបន់គម្រោង៕